បងប្អូនសម្បទានិកនៅភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ត្រយឹង មានលទ្ធភាពបង្កើតសហគមន៍កសិកម្មទំនើបដំណាំម្ទេស
AKP ភ្នំពេញ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ -- ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ថា ឯកឧត្តមបានជួបផ្សព្វផ្សាយ និងសិក្សាពីលទ្ធភាពរៀបចំសហគមន៍កសិកម្មទំនើបសម្រាប់ដំណាំម្ទេស ជូនដល់បងប្អូនសម្បទានិកនៅភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ឯកឧត្តមអនុរដ្ឋលេខាធិការបានបន្តថា នៅភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ត្រយឹង មានសក្តានុពលច្រើនសម្រាប់ការរៀបចំចងក្រងឱ្យទៅជាសហគមន៍កសិកម្មទំនើបតែម្តង ដោយហេតុថា បងប្អូនសម្បទានិកទាំងជាង៦០០គ្រួសារសុទ្ធតែមានដីទំនេរស្រាប់ស្ថិតនៅជាប់ៗគ្នា សម្បូរកម្លាំងពលកម្ម និងមានរចនាសម្ព័ន្ធចាំបាច់មួយចំនួនរួចជាស្រេច។ អ្វីដែលសំខាន់នោះគឺ ត្រូវការតែបងប្អូនទាំងអស់ស្ម័គ្រចិត្តព្រមគ្នាក្នុងចំនួនច្រើនគ្រប់គ្រាន់ដើម្បីបង្កើតជាសហគមន៍កសិកម្មទំនើបតែប៉ុណ្ណោះ ព្រោះភាពសមស្របខាងផ្នែកបច្ចេកទេស ការត្រៀមដើមទុន និងការតភ្ជាប់ទីផ្សារសម្រាប់ដំណាំម្ទេស សុទ្ធសឹងតែត្រូវបានរៀបចំរួចរាល់អស់ហើយ ។

សហគមន៍កសិកម្មទំនើបគឺជាចក្ខុវិស័យនៃការអនុវត្តផលិតកម្មកសិកម្ម រួមគ្នាក្នុងទ្រង់ទ្រាយធំ នៅក្នុងវិស័យកសិកម្ម ដែលជាផ្នែកមួយនៃកម្មវិធី គោលនយោបាយអាទិភាពទី៦ របស់រដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលចាប់ផ្ដើមដាក់ឱ្យអនុវត្តចាប់តាំងពីឆ្នាំ២០២៣។ បច្ចុប្បន្ន ការបង្កើតសហគមន៍កសិកម្មទំនើប គឺផ្ដល់អាទិភាពសម្រាប់តែដំណាំ៤ប្រភេទប៉ុណ្ណោះ រួមមាន ស្វាយចន្ទី ស្រូវ ម្រេច និង បន្លែ៕

ដោយ ណយ នឿន





