ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ជំរុញឱ្យមន្រ្តីអនុវត្តច្បាប់ត្រូវមានលក្ខណៈទន់ភ្លន់ និងផ្តល់ការគោរពដល់ប្រជាពលរដ្ឋ
AKP ភ្នំពេញ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ -- ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ ខេត្តកំពង់ចាម និងជាតំណាងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម បានអញ្ជើញដឹកនាំវេទិកាសាធារណៈ និងជួបសំណេះសំណាលជាមួយមន្រ្តីរាជការ និងប្រជាពលរដ្ឋស្ថិតក្នុងឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងជំនួបនោះ ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ បានជំរុញឱ្យមន្រ្តីអនុវត្តច្បាប់ទាំងអស់ត្រូវមានលក្ខណៈទន់ភ្លន់ និងផ្តល់ការគោរពទៅដល់ប្រជាពលរដ្ឋ ព្រមទាំងជំរុញប្រជាពលរដ្ឋបន្តគោរព និងអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ដើម្បីនាំឱ្យសង្គមជាតិមានការអភិវឌ្ឍ។ ទាំងនេះគឺស្របតាមបំណងប្រាថ្នា និងគោលដៅពង្រឹងនីតិរដ្ឋរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។

ទន្ទឹមនឹងនេះ ឯកឧត្ដមបានពាំនាំការនឹករលឹកពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនចំពោះបងប្អូនប្រជាពលរដ្ឋឃុំជាលា ព្រមទាំងបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលបន្តការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី និងបានបញ្ជាក់ទៀតថា សង្គមជាតិមួយប្រកបដោយលក្ខណៈសម្បត្តិបរិបូណ៌ទៅបានល្គឹកណាមានការអនុវត្ត និងគោរពច្បាប់បានត្រឹមត្រូវ ខណៈនោះនឹងធ្វើឱ្យសង្គមជាតិមានវិន័យ យុត្តិធម៌ សណ្តាប់ធ្នាប់ របៀបរៀបរយល្អ សេចក្តីថ្លៃថ្នូរ និងមានការអភិវឌ្ឍ។

ឯកឧត្ដមទេសរដ្ឋមន្រ្តីបានកោតសរសើរចំពោះក្រុមការងារចុះមូលដ្ឋានឃុំជាលា ដែលបានស្ម័គ្រចិត្តចូលរួមផ្សព្វផ្សាយនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល និងចូលរួមដឹកនាំមូលដ្ឋានឃុំជាលា ក្នុងការកសាង និងបង្កើតនូវទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ជាពិសេសចូលរួមឆ្លើយតបនូវបញ្ហាប្រឈម និងក្តីកង្វល់របស់ប្រជាពលរដ្ឋ និងបានណែនាំឱ្យក្រុមការងារចុះមូលដ្ឋានស្រុកបាធាយបន្តកសាងនូវភាពស្អាតស្អំជាមួយប្រជាពលរដ្ឋ តាមរយៈទទួលយកនូវសំណូមពរ និងក្តីកង្វល់របស់ប្រជាពលរដ្ឋ ដើម្បីយកមកធ្វើការដោះស្រាយ និងឆ្លើយតបឱ្យទាន់ពេលវេលាតាមកម្រិត និងតម្រូវការចាំបាច់ជាអាទិភាព ជាពិសេសបានណែនាំឱ្យអាជ្ញាធរមូលដ្ឋានបន្តយកចិត្តទុកដាក់ និងពង្រឹងនូវសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕


ដោយ សួស សំរិត





