សេចក្តីអំពាវនាវស្តីពីការជួយឧបត្ថម្ភសម្រាប់ជារង្វាន់ និងការលើកទឹកចិត្តបន្ថែមដល់ជ័យលាភី សិស្សពូកែទូទាំងប្រទេសផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា
AKP ភ្នំពេញ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ -- ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើសេចក្តីអំពាវនាវសូមឱ្យមានការជួយឧបត្ថម្ភសម្រាប់ជារង្វាន់ និងការលើកទឹកចិត្តបន្ថែមដល់ជ័យលាភីសិស្សពូកែទូទាំងប្រទេសផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា នៃការប្រឡងជ្រើសរើសសិស្សពូកែប្រចាំរាជធានី ខេត្ត និងទូទាំងប្រទេស សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ក្នុងគោលបំណងលើកកម្ពស់គុណភាពអប់រំ តាមរយៈការអភិវឌ្ឍធនធានមនុស្សដែលមានចំណេះដឹង និងជំនាញប្រកបដោយសមត្ថភាពខ្ពស់ សំដៅអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាកសាងសង្គមជាតិឱ្យបានរឹងមាំ ក្រសួងអប់រំ យុវជន និងកីឡា តែងតែរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា សម្រាប់សិស្សថ្នាក់ទី៩ និងថ្នាក់ទី១២។ ដោយឡែកនៅឆ្នាំនេះការប្រឡងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នៅវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក រាជធានីភ្នំពេញ។ ពិធីបើកការប្រឡងនឹងប្រព្រឹត្តទៅនាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ៨:០០នាទីព្រឹក នៅវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក រាជធានីភ្នំពេញ និងពិធីបិទការប្រឡងចែកវិញ្ញាបនបត្រ និងរង្វាន់ជ័យលាភីនឹងប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ១៤៖០០នាទីរសៀល នៅវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក រាជធានីភ្នំពេញ។
ដើម្បីធ្វើឱ្យពិធីនេះកាន់តែអធិកអធម ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការអំពាវនាវចំពោះសម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងសប្បុរសជនក្នុងប្រទេស និងក្រៅប្រទេសមេត្តាជួយឧបត្ថម្ភជាថវិកា ជាសម្ភារ សម្រាប់ជារង្វាន់ និងការលើកទឹកចិត្តបន្ថែមដល់ជ័យលាភីសិស្សពូកែទូទាំងប្រទេស និងគណៈកម្មការរៀបចំ សំដៅជំរុញចលនានេះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់នៅឆ្នាំបន្តបន្ទាប់។ សប្បុរសជននឹងត្រូវបានអញ្ជើញឱ្យចូលរួមក្នុងពិធីបិទការប្រឡង ចែកវិញ្ញាបនបត្រ និងរង្វាន់ជ័យលាភី ដើម្បីទទួលលិខិតថ្លែងអំណរគុណរបស់ក្រសួងអប់រំ យុវជន និងកីឡា។
ចំពោះថវិកា និងសម្ភារចូលរួម សូមផ្ញើ ឬប្រគល់មកលោក គឹម ថាច ទូរសព្ទលេខ ០១២ ៨៤៣ ៤៧៥ នៅនាយកដ្ឋានកិច្ចការប្រឡង ស្ថិតនៅអគារលេខ ១៦៩ មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ។ ក្រសួង មានជំនឿយ៉ាងមុតមាំថានឹងទទួលបាននូវការជួយឧបត្ថម្ភគាំទ្រពីសំណាក់ សម្តេច ឯកឧត្តម លោក ជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ទាំងអស់ដោយទឹកចិត្តសប្បុរស៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





