ឯកឧត្ដម ជា វ៉ាន់ដេត ទទួលជំនួបសម្ដែងការគួរសមពីលោកជំទាវនាយិកាផ្នែកឌីជីថលនៃរដ្ឋប៊ែឡាំង
AKP ភ្នំពេញ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ -- ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បានទទួលជំនួបសម្ដែងការគួរសមពី លោកជំទាវ Martina Klement, State Secretary ទទួលបន្ទុកឌីជីថលូបនីយកម្ម និងទំនើបកម្មកិច្ចការរដ្ឋបាល និងជានាយិកាផ្នែកឌីជីថល (Chief Digital Officer) នៃរដ្ឋប៊ែឡាំង សហព័ន្ធអាល្លឺម៉ង់ អមដោយនាយក និងសហការីនៃមូលនិធិខុនរ៉ាដអាដិនណៅអ៊ែរ (Konrad-Adenauer-Stiftung - KAS)។

ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនលោកជំទាវ Martina Klement អំពីទិសដៅរបស់កម្ពុជាក្នុងការធ្វើបរិវត្តកម្មឌីជីថលសេដ្ឋកិច្ច និងសង្គម ព្រមទាំងបេសកកម្មរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ក្នុងដំណើរការនេះ រួមមានការពង្រឹង និងពង្រីកការតភ្ជាប់ឌីជីថល ការបណ្ដុះបណ្ដាលធនធានមនុស្សឌីជីថលគ្រប់កម្រិត ការអភិវឌ្ឍថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល ជាពិសេសជោគជ័យនៃថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ក៏ដូចជា ការគិតគូរអំពីការធ្វើអភិបាលកិច្ចលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងការជំរុញកិច្ចសហការជាមួយវិស័យឯកជន មានគម្រោងសួនឌីជីថលជាដើម។

ជាមួយគ្នានេះដែរ ឯកឧត្ដមរដ្ឋមន្ត្រីបានមានប្រសាសន៍គាំទ្រកិច្ចសហការកាន់តែជិតស្និទ្ធរវាងកម្ពុជា និងអាល្លឺម៉ង់ ជាពិសេសលើការបណ្ដុះបណ្ដាលធនធានមនុស្ស និងការសហការលើគម្រោងស្រាវជ្រាវ និងនវានុវត្តន៍។

លោកជំទាវ Martina Klement បានថ្លែងកោតសរសើរចំពោះវឌ្ឍនភាពគួរឱ្យកត់សម្គាល់របស់កម្ពុជានាពេលកន្លងមក និងបង្ហាញឆន្ទៈក្នុងការផ្លាស់ប្ដូរបទពិសោធន៍ និងរៀនសូត្រពីគ្នាទៅវិញទៅមក ដើម្បីជាប្រយោជន៍ដល់បរិវត្តកម្មឌីជីថលរបស់ភាគីទាំងពីរ។
សូមជម្រាបជូនថា នេះជាជំនួបទីមួយនៅកម្ពុជា ក្នុងដំណើរដែលលោកជំទាវ Martina Klement មកសិក្សាស្វែងយល់ពីស្ថានភាពបរិវត្តកម្មឌីជីថលពីសំណាក់ស្ថាប័រដ្ឋ និងឯកជននៅអាស៊ីអាគ្នេយ៍៕
ដោយ ណយ នឿន (ប្រភព៖ ក្រសួងប្រៃសណីយ៍)





