អភិបាលរងខេត្តកណ្តាលប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋឃុំសំរោងធំ
AKP កណ្ដាល ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ -- លោក ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន៧០៧បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ដែលមានដីធ្លី នៅភូមិស្ទឹង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានទីតាំងនៅវត្តបុទុមគង្គារស្ទឹង។

មានប្រសាសន៍ក្នុងឱកាសនោះ លោក ខុន សេរីរដ្ឋា បានលើកឡើងថា រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចដាក់ចេញនូវ «កម្មវិធីនយោបាយសម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨» ដោយនៅក្នុងគោលនយោបាយអភិវឌ្ឍតាមវិស័យ ក្នុងនោះក៏បានផ្តោតយ៉ាងសំខាន់លើការគ្រប់គ្រងដីធ្លី និងសំណង់ ដោយត្រូវបន្តអនុវត្តការកែទម្រង់ឱ្យកាន់តែសកម្ម និងស៊ីជម្រៅ ក្នុងគោលដៅគ្រប់គ្រង និងអភិវឌ្ឍវិស័យដីធ្លី ឱ្យបានត្រឹមត្រូវ និងកាន់តែមានប្រសិទ្ធភាព។ ហើយបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលនៅក្នុងភូមិស្ទឹង២ ដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុទាំង៧០៧បណ្ណ ចាប់ពីពេលនេះតទៅបងប្អូនអាចមានសិទ្ធិលើអចលនវត្ថុ អាចប្រើប្រាស់ និងអាចចាត់ចែង បានតាមតម្រូវការចាំបាច់ និងស្របតាមច្បាប់។

លោកអភិបាលរងខេត្តបានចូលរួមអបអរសាទរជាមួយបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងស្នើឱ្យបងប្អូនត្រូវខិតខំយកចិត្តទុកដាក់ថែរក្សាឯកសារនេះឱ្យបានត្រឹមត្រូវ ប្រើប្រាស់បានចំគោលដៅ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ដើម្បីគាំទ្រដល់ការកសាងជីវភាពគ្រួសារឱ្យបានកាន់តែល្អប្រសើរ ហើយសូមឱ្យមន្ទីរ-អង្គភាព និងអាជ្ញាធរដែលមានការពាក់ព័ន្ធ បន្តចូលរួមសហការគាំទ្រដល់ដំណើរការចុះបញ្ជីដីធ្លី ដែលនៅសេសសល់ទាំងនៅក្នុងស្រុកកៀនស្វាយយើងនេះឱ្យទទួលបានលទ្ធផលកាន់តែជោគជ័យ មានប្រសិទ្ធភាព និងសម្រេចបានទាន់ពេលវេលា ឈានទៅបញ្ចប់ការចុះបញ្ជីដីធ្លីតាមផែនការដែលបានកំណត់ ។

បើតាមរបាយការណ៍របស់លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល បានឱ្យដឹងថា គិតមកដល់ពេលនេះការចុះបញ្ជីបាន៦០ឃុំ- សង្កាត់ លើ១២៧ឃុំ-សង្កាត់ និង៥៣១ភូមិ លើ១០១០ភូមិ គឺស្មើនឹង៥៣ភាគរយនៃចំនួនភូមិសរុបដែលមានក្បាលដីប៉ាន់ស្មានសរុបចំនួន៨៥២ ៦៤៦ក្បាលដី ក្នុងនោះបានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣៨៩ ៩៨៣បណ្ណ និងចែកជូនដល់ដៃប្រជាពលរដ្ឋសរុបចំនួន២៣១លើកស្មើនឹង ៣១៤ ០៨៧បណ្ណ ហើយថ្ងៃនេះគឺជាលើកទី២៣២នៃការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ដែលនឹងត្រូវផ្តល់ជូនប្រជាពលរដ្ឋស្ថិតនៅភូមិស្ទឹង២ ចំនួន៧០៧បណ្ណ ក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល៕
ដោយ ណយ នឿន ( ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





