ឧត្តមសេនីយ៍ សោម ស៊ុន ដាក់បទបញ្ជាឱ្យកម្លាំងអន្តរាគមន៍បង្ក្រាបបទល្មើសនេសាទនៅតំបន់បឹងទន្លេសាបមិនឱ្យកើតឡើងជាថ្មីបានឡើយ
AKP កំពង់ធំ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ -- ដោយអនុវត្តតាមបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងការណែនាំរបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដាក់បទបញ្ជាឱ្យកម្លាំងអន្តរាគមន៍ ដឹកនាំដោយលោកវរសេនីយ៍ទោ សេង សំអុល នាយសេនាធិការរង មេបញ្ជាការកងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងភារកិច្ចបង្ក្រាបបទល្មើសនេសាទ សហការជាមួយកងកម្លាំងចម្រុះដើម្បីចេញធ្វើសកម្មភាពបង្ក្រាប និងរុះរើបំផ្លាញចោលឧបករណ៍បទល្មើសនេសាទខុសច្បាប់ ឱ្យអស់មិនឱ្យកើតឡើងជាថ្មីទៀតបានឡើយ។

លោកវរសេនីយ៍ទោ សេង សំអុល បានរាយការណ៍បញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ កងកម្លាំងអន្តរាគមន៍ បានសហការជាមួយកម្លាំងចម្រុះ ដែលមានគ្រប់សមាសភាពពាក់ព័ន្ធ ធ្វើសកម្មភាពបង្ក្រាបនិងរុះរើបំផ្លាញចោលបំឧបករណ៍នេសាទខុសច្បាប់បានចំនួន៦របាំង ដែលមានប្រវែងជិត២០០០ម៉ែត្រ ឡុកសាច់អួនចំនួន ១៣ឡុក លប/លូសាច់អួនចំនួន៨មាត់ បង្គោលរបាំងសាច់អួន ដែលគេបានដាក់ពន្លិចទឹកចំនួនជាង ១០០០ដើម និងបានលែងត្រីស្រស់ចម្រុះមួយចំនួនចូលក្នុងទន្លេសាបវិញ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានចិន្ត្រៃយ៍ គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងជាអនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានប្តេជ្ញាចិត្តអនុវត្តឱ្យបានម៉ឺងម៉ាត់ដាច់ខាតតាមបទបញ្ជារបស់ប្រមុខដឹកនាំ រាជរដ្ឋាភិបាលនិងពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់កងយោធពលខេមរភូមិន្ទ ព្រមទាំងបទបញ្ជារបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ៕


ដោយ ស៊ុម វណ្ណា (ប្រភព៖ តំបន់សឹករងកំពង់ធំ)





