ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលក្រុងព្រះសីហនុ និងនាយករដ្ឋបាលសាលាក្រុងព្រះសីហនុ
AKP ព្រះសីហនុ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ -- លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលក្រុងព្រះសីហនុ និងនាយករដ្ឋបាលសាលាក្រុងព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីប្រធានក្រុមប្រឹក្សាក្រុង លោកអភិបាលក្រុងព្រះសីហនុ ក្រុមប្រឹក្សាក្រុង សង្កាត់ តំណាងមន្ទីរ អង្គភាព ចៅសង្កាត់ មេប៉ុស្តិ៍រដ្ឋបាល នៅសាលប្រជុំសាលាក្រុងព្រះសីហនុ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥។

តាមសេចក្តីប្រកាសស្តីពីការតែងតាំងមន្ត្រីរាជការលេខ ៧៨៩៧ប្រក សម្រេចតែងតាំងមន្ត្រីរាជការ លោក ទៀង វណ្ណារិទ្ឌ ឋានន្តរស័ក្តឧត្តមមន្ត្រីថ្នាក់លេខ៦ ជាអភិបាលរងនៃគណ:អភិបាលក្រុងព្រះសីហនុ និងលោក ឃន ម៉ន ជានាយករដ្ឋបាលសាលាក្រុងព្រះសីហនុ។

ក្នុងឱកាសនោះ លោក ឡុង ឌីម៉ង់ បានធ្វើការសំណេះសំណាល និងផ្តាំផ្ញើលោកអភិបាលរង និងលោកនាយករដ្ឋបាលសាលាក្រុងព្រះសីហនុ ត្រូវបានថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំខេត្តព្រះសីហនុផ្តល់សេចក្តីទុកចិត្តតែងតាំងមុខតំណែងនាពេលនេះ ដើម្បីចូលរួមចំណែកដឹកនាំរដ្ឋបាលក្រុងឱ្យទទួលជោគជ័យ និងសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត ស្របតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ក្នុងការបន្តវេនប្រកបដោយសក្តានុពលពោរពេញដោយសមត្ថភាព និងថាមពលក្នុងការដឹកនាំ និងគ្រប់គ្រង។

ទន្ទឹមនឹងនេះ លោកសង្ឃឹមយ៉ាងមុតមាំថា លោកអភិបាលរងក្រុង និងលោកនាយករដ្ឋបាលសាលាក្រុងព្រះសីហនុ បំពេញភារកិច្ចឱ្យសម្រេចបាននូវស្នាដៃល្អៗបន្ថែមទៀត សម្រាប់រដ្ឋបាលក្រុង និងប្រជាជនក្រុងព្រះសីហនុ និងបានធ្វើការកោតសរសើរ វាយតម្លៃចំពោះរដ្ឋបាលក្រុងព្រះសីហនុ កងកម្លាំងប្រដាប់អាវុធ អង្គការសង្គមស៊ីវិល វិស័យឯកជន និងប្រជាពលរដ្ឋ ដែលកន្លងមកបានរួមសហការគ្នាយ៉ាងសកម្មក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម សម្រេចបានសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់ ដែលជាការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រុងព្រះសីហនុ ព្រមទាំងការលើកកម្ពស់គុណភាពនៃការផ្តល់សេវាសាធារណៈនានា និងដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋប្រកប ដោយភាពជាម្ចាស់ និងស្មារតីទទួលខុសត្រូវប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល តាមរយៈការគោរពឱ្យបានខ្ជាប់ខ្ជួននូវតួនាទី និងភារកិច្ចរបស់ខ្លួនដោយទំនួលខុសត្រូវខ្ពស់ និងប្រកបដោយមនសិការវិជ្ជាជីវៈ ក្នុងការរៀបចំផែនការ ចក្ខុវិស័យ ដើម្បីអភិវឌ្ឍអង្គភាពរបស់ខ្លួន ត្រូវពង្រឹងកិច្ចប្រតិបត្តិការជាមួយគ្រប់មន្ទីរ-អង្គភាព រដ្ឋបាលក្រុង សង្កាត់ឱ្យបានកាន់តែល្អប្រសើរ និងពង្រឹងសមត្ថភាពជំនាញរបស់ខ្លួនទាំងផ្នែកទន់ និងផ្នែករឹងឱ្យបានជាបន្តបន្ទាប់ ដើម្បីឱ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ តាមរយៈគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ និងសម្របសម្រួលនូវរាល់សកម្មភាពរដ្ឋបាលសាធារណៈនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

លោកអភិបាលរងខេត្តបានរំលឹក និងផ្តាំផ្ញើដល់គណៈអភិបាលក្រុងព្រះសីហនុ ជាពិសេសលោកអភិបាលរងក្រុង និងលោកនាយករដ្ឋបាលដែលទើបនឹងចូលកាន់តំណែងថ្មីត្រូវគោរពរដ្ឋធម្មនុញ្ញ លិខិតបទដ្ឋានគតិយុត្តិនានា តម្កល់ប្រយោជន៍ជាតិ និងប្រជាជនជាធំ ចូលរួមចំណែកការពារអធិបតីភាព បូរណភាពដែនដី ការពារសន្តិភាព ស្ថេរភាពនយោបាយ និងសណ្តាប់ធ្នាប់សាធារណៈឱ្យមានគណនេយ្យភាពចំពោះក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង និងប្រជាពលរដ្ឋ។ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍រដ្ឋបាលឯកភាព និងសហការជាមួយស្ថាប័នផ្សេងៗ ព្រមទាំងដៃគូអភិវឌ្ឍន៍ឱ្យបានល្អប្រសើរ ក្នុងការបម្រើប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល។ បន្តអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសគោលនយោបាយកំណែទម្រង់រដ្ឋបាលសារធារណៈ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ។ ត្រូវយកចិត្តទុកដាក់ជំរុញ និងបំផុសចលនាប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានឱ្យចូលរួមក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីរួមគ្នាបង្កាទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ដូចជា សកម្មភាពលួច ឆក់ ប្លន់ បទល្មើសគ្រឿងញៀនខុសច្បាប់ ល្បែងស៊ីសង ការជួញដូរមនុស្ស និងសកម្មភាពក្មេងទំនើងក្នុងភូមិសាស្ត្ក្រុក្រុងព្រះសីហនុ តាមរយៈការពង្រឹងប្រតិ បត្តិការរបស់កងកម្លាំងសមត្ថកិច្ច និងជំរុញការផ្សព្វផ្សាយអប់រំណែនាំដល់ប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ។ បន្តយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈ ជាពិសេសសេវាតាមយន្តការច្រកចេញចូលតែមួយឱ្យមានប្រសិទ្ធភាព រហ័ស តម្លាភាព គណនេយ្យភាព បរិយាបន្ន និងសមធម៌៕

ដោយ ងូ សុមុនី





