ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន និងឯកអគ្គរដ្ឋទូតគុយបា ពិភាក្សាលើកិច្ចសហប្រតិបត្តិការបន្ថែមរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យអប់រំកាយ និងកីឡា
AKP ភ្នំពេញ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥-- នាជំនួបនៅទីស្តីការក្រសួងរវាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ភាគីទាំងពីរបានធ្វើការពិភាក្សាលើកិច្ចសហប្រតិបត្តិការបន្ថែម ជាពិសេសលើវិស័យអប់រំកាយ និងកីឡា ដែលប្រទេសគុយបា និងប្រទេសកម្ពុជាបានសហការជាមួយគ្នាជាច្រើនឆ្នាំនាពេលកន្លងមក និងបានលើកឡើងពីការផ្តល់អាហារូបករណ៍លើផ្នែកឱសថសម្រាប់ឆ្នាំ ២០២៥-២០២៦ មកកាន់ប្រទេសកម្ពុជា ការសហការ និងគាំទ្រពីនាយកប្រតិបត្តិនៃវិទ្យាស្ថាន INDER លើការអប់រំកាយ និងបន្តកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរវប្បធម៌ និងចែករំលែកបទពិសោធន៍នានាចំពោះវិស័យអប់រំកាយ និងកីឡា ដូចជាកីឡាបាល់ទះ កីឡាប្រដាល់ និងកីឡាផ្សេងៗទៀត ដែលមានគ្រូបង្វឹក និងអ្នកជំនាញពីប្រទេសគុយបាមកជួយគាំទ្រ និងជួយបង្វឹកបណ្តុះបណ្តាលកីឡាករកម្ពុជា ដើម្បីទទួលបានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងកម្រិតជាតិ និងអន្តរជាតិ។


ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រទេសគុយបា ដែលបានជួយគាំទ្រមកលើប្រទេសកម្ពុជានាពេលកន្លងមក ជាពិសេសចំពោះវិស័យអប់រំកាយ និងកីឡា ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យកីឡានៅកម្ពុជាមានកីឡាបាល់ទះ ជាដើម ព្រមទាំងបានថ្លែងអំណរគុណចំពោះអាហារូបករណ៍ និងកិច្ចសហប្រតិបត្តិការអប់រំកាយ និងកីឡាជាមួយវិទ្យាស្ថានផ្សេងៗរបស់ប្រទេសគុយបា ដែលទាំងអស់នេះមិនត្រឹមតែជួយអភិវឌ្ឍធនធានមនុស្សកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏បានពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែស្និទ្ធស្នាលថែមមួយកម្រិតទៀត។ ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគាំទ្រនូវគំនិតផ្តួចផ្តើមរបស់គុយបាក្នុងការសហការលើកីឡាបេស្បល និងកីឡាផ្សេងទៀត ដែលនឹងមានកិច្ចប្រជុំពិភាក្សា ដើម្បីវាយតម្លៃ និងសម្រេចលើចក្ខុវិស័យនេះ។


តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គុយបា ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជានាពេលកន្លងមក និងសង្ឃឹមជឿជាក់ថា ប្រទេសទាំងពីរនឹងបន្តពង្រឹង និងពង្រីកសហប្រតិបត្តិការបន្ថែមទៀត និងស្វែងរកកិច្ចសហប្រតិបត្តិការថ្មីៗសម្រាប់ការរីកចម្រើន និងការចែករំលែកបទពិសោធន៍រវាងប្រទេសទាំងពីរ៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





