ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តតាកែវបើកកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ នៅសួនច្បារមាត់បឹងតាកែវ
AKP តាកែវ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥-- នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ បានរៀបចំបើកកិច្ចប្រជុំត្រៀមរៀបចំបុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ សមាជិកសមាជិកាគណៈកម្មការ និងលោកលោកស្រីសមាជិកសមាជិកាអនុគណៈកម្មការ រៀបចំពិធីបុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ នៅខេត្តតាកែវ។

មានប្រសាសន៍សំណេះសំណាលក្នុងកិច្ចប្រជុំ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ដោយមើលឃើញពីលក្ខណៈពិសេសរបស់ខេត្តតាកែវជាខេត្តដែលមានសក្ដានុពលមួយសម្បូរទៅដោយប្រាង្គប្រាសាទ តំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត តំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិ សិប្បកម្មតម្បាញសូត្រហូលផាមួង និងក្រមា។ ហើយមានការដាំដំណាំកសិកម្មផ្សេងៗ ការបង្កបង្កើនផលស្រូវ និងធនធានធម្មជាតិពិសេសៗជាច្រើនរួមមាន បង្កងធម្មជាតិទឹកសាបដែលមានរសជាតិឈ្ងុយឆ្ងាញ់ ពងទាកូនស្រែរនោងដែលល្បីល្បាញទូទាំងប្រទេស បានធ្វើឱ្យខេត្តតាកែវក្លាយជាតំបន់ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរ។

ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា សក្ដានុពលទាំងអស់នេះហើយបានដើរតួនាទីយ៉ាងសំខាន់ណាស់ ក្នុងការគាំទ្រដល់កម្មវិធីពិពិធកម្មផលិតផលទេសចរណ៍កម្ពុជារបស់យើង ឱ្យកាន់តែសម្បូបែបប្រកបដោយភាពទាក់ទាញ ហើយសំដៅទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ឱ្យមកចូលទស្សនា មកបំពេញទស្សនកិច្ច មកស្នាក់នៅខេត្តតាកែវនេះកាន់តែច្រើនឡើងៗ។


ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍បន្ថែមថា ការៀបចំបុណ្យទន្លេនេះគឺជាឱកាសពិសេស ក្នុងការផ្សព្វផ្សាយអំពីសក្ដានុពលទេសចរណ៍ នៅតាមបណ្ដាខេត្តជាប់ដងទន្លេនៃប្រទេសកម្ពុជា។ នៅឆ្នាំ២០២៥នេះ ខេត្តតាកែវនឹងរៀបចំព្រឹត្តិការណ៍បុណ្យទន្លេ នៅថ្ងៃទី២១-២៣ ខែមីនា ឆ្នាំ២០២៥ នៅបរិវេណសួនច្បារមាត់បឹងតាកែវ។ បុណ្យនេះជាឱកាសមួយសម្រាប់ជំរុញការយកចិត្តទុកដាក់ពីគ្រប់ភាគី ក្នុងការចូលរួមអភិរក្ស និងអភិវឌ្ឍធនធានទន្លេរបស់យើងប្រកបដោយនិរន្តរភាព និងចូលរួមការធ្វើពិពិធកម្មផលិតផលវិស័យទេសចរណ៍។ តាមរយៈការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ ជាកញ្ចប់ទស្សនកិច្ចដែលមានភាពទាក់ទាញ សម្រាប់បណ្ដាខេត្តតាមដងទន្លេ។ ម្យ៉ាងទៀតការរៀបចំបុណ្យទន្លេនេះដែរ គឺជាឱកាសក្នុងការជួយពង្រឹងនិងលើកកម្ពស់គុណភាពសេវាកម្មនានា នៅក្នុងឧស្សាហកម្មទេសចរណ៍ជាតិរបស់យើង និងបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ ដែលអាចទាក់ទាញភ្ញៀវទេសចរបានច្រើនឡើងថែមទៀត៕
ដោយ អ៊ុច សៀង





