អភិបាលស្រុកស្ទោងលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋានឱ្យចេះកៀរគរមូលធនជួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន
AKP កំពង់ធំ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥-- លោក សាយ គឹមឡម អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោង បានលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋានឱ្យចេះកៀរគរមូលធនជួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងឱកាសដែលលោក និងសហការីបានអញ្ជើញចុះសួរសុខទុក្ខចែកអំណោយជូនដល់ប្រជាពលរដ្ឋដែលមានពិការភាព និងមានជីវភាពខ្វះខាតនៅឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងឱកាសនោះ លោក សាយ គឹមឡម បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងលោកជំទាវ ដែលឯកឧត្តតែងតែនឹករលឹក និងគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខ សុខុមាលភាព ពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានគ្រប់ពេលវេលា។

ទន្ទឹមនឹងនេះ លោកអភិបាលស្រុកបានលើកទឹកចិត្តដល់អាជ្ញាធរឃុំចំណាក្រោមត្រូវប្រើប្រាស់ និងបែងចែកមូលធនដែលកៀរគរបានប្រកបដោយតម្លាភាព សច្ចភាព គណនេយ្យភាព និងប្រើប្រាស់ចំគោលដៅហើយមិនប្រកាន់បក្សពួក ឬនិន្នាការនយោបាយឡើយ និងបានណែនាំដល់រដ្ឋបាលឃុំ ត្រូវខិតខំគិតគូរយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខ សុខុមាលភាពពុកម៉ែបងប្អូនប្រជាពលរដ្ឋដែលមានពិការភាព ដើម្បីជួយផ្គត់ផ្គង់ទំនុកបម្រុងលើជីវភាពក៏ដូចជាសេវាទូទៅក្នុងការផ្ដល់ជូនពួកគាត់ឱ្យបានជាអាទិភាព។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋទាំង៦គ្រួសារក្នុង១គ្រួសារទទួលបានអង្ករ១បេ ត្រីខ០១យួរ ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ ថវិកា៣ម៉ឺនរៀល ដោយឡែកលោកស្រីដែលមានពិការភាពភ្នែកទទួលបានថវិកា២០ម៉ឺនរៀល និងលោកស្រីដែលមានពិការភាពផ្នែកបញ្ញាស្មារតីទទួលបានទទួលបានថវិកា១០ម៉ឺនរៀលផងដែរ៕
ដោយ ស៊ុម វណ្ណា





