គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាមបើកកិច្ចប្រជុំ និងពិភាក្សាអំពីវិធានការបិទល្បែងស៊ីសងគ្រប់ប្រភេទ
AKP កំពង់ចាម ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥-- នៅសាលសន្និសីទសាលាខេត្តកំពង់ចាម គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កាលពីរសៀលថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំស្តីពីវឌ្ឍនភាព ការអនុវត្តបទបញ្ជា សម្តេចធិបតីនាយករដ្ឋមន្ត្រី ចំពោះវិធានការបិទល្បែងស៊ីសងគ្រប់ប្រភេទ ក្នុងខេត្តកំពង់ចាម ក្រោមអធិបតីភាពរបស់ឯកឧត្តមឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារពិសេសតាមដានការអនុវត្តគោលការណ៍របស់នាយករដ្ឋមន្ត្រីពាក់ព័ន្ធ និងការងារសន្តិសុខសង្គម ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម សួស ឡា ប្រធានសាលាដំបូងខេត្ត និង ឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដោយមានការចូលរួមពីសំណាក់អស់លោកជាថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ថ្នាក់ដឹកនាំនៃកងកម្លាំងទាំងបី ថ្នាក់ដឹកនាំតាមមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក និងលោកមេប៉ុស្តិ៍ មេឃ ចៅសង្កាត់ទាំងអស់ផងដែរ។

ក្នុងកិច្ចប្រជុំ ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា ដោយអនុវត្តតាមបទបញ្ជាខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានចាត់វិធានការចុះត្រួតពិនិត្យ និងបិទល្បែងស៊ីសងគ្រប់ប្រភេទក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដោយបានចាប់បើកយុទ្ធនាការ ពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ យើងស្រង់ស្ថិតិទីតាំងល្បែងនៅគ្រប់ក្រុង ស្រុក ឃុំសង្កាត់ នៅទូទាំងខេត្ត ជាង ៤០០ ទីតាំង តាមរយៈការធ្វើកិច្ចសន្យា និងការចុះបង្ក្រាប ធ្វើឱ្យល្បែងស៊ីសងទាំងអស់នោះបិទទ្វារលែងឱ្យមានដំណើរការ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារពិសេសតាមដានការអនុវត្តគោលការណ៍របស់នាយករដ្ឋមន្ត្រី ពាក់ព័ន្ធនឹងការងារសន្តិសុខសង្គម បានលើកឡើងថា បញ្ហាល្បែងស៊ីសងមិនមែនទើបតែកើតមានក្នុងបច្ចុប្បន្ននេះទេ ក្នុងអាណត្តិទី៦ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្ដេចបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យបង្ក្រាបល្បែងស៊ីសងនៅទូទាំងប្រទេស រហូតមកដល់អាណត្តិទី៧ ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៅតែបន្តដាក់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត ក្នុងការបង្ក្រាបល្បែងស៊ីសងទូទាំងប្រទេស បានចាត់ទុកល្បែងស៊ីសងគឺជាជំងឺមហារីកយ៉ាងសាហាវបំផុតដែលពិបាកព្យាបាល។

ឯកឧត្តម ជួន សុវណ្ណ បានលើឡើងថា យើងមានបញ្ហាប្រឈម៤ដែលត្រូវរួមដោះស្រាយគឺ បញ្ហាក្មេងទំនើង បញ្ហាគ្រឿងញៀន បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាល្បែងស៊ីសងខុសច្បាប់។ គណៈបញ្ជាការឯកភាពខេត្ត ត្រូវពង្រឹង និងបង្កើនសមត្ថភាពទ្វេឡើង លើការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឱ្យកាន់តែមានប្រសិទ្ធភាព និង ស័ក្តិសិទ្ធភាព ព្រោះបញ្ហាទាំង៤នេះ វាស្ថិតក្នុងចំណុច លក្ខណៈទាំង៧យ៉ាងរបស់គោលនយោបាយភូមិឃុំមាន សុវត្ថិភាព។

ឯកឧត្តម ជួន សុវណ្ណ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម ក្នុងកិច្ចការពារ និងរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈបានល្អ ពិសេសការទប់ស្កាត់ បង្ក្រាប បញ្ហាក្មេងទំនើង និងបញ្ហាគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទបានល្អ។ អាជ្ញាធរគ្រប់លំដាប់ថ្នាក់របស់ខេត្ត ត្រូវបន្តយ៉ាងសកម្មភាព ចុះតាមដាន ត្រួតពិនិត្យទីតាំងល្បែង ស៊ីសង ឆ្នោត អាជីវកម្ម ពាណិជ្ជកម្ម គ្រប់ប្រភេទ ក្នុងខេត្តកំពង់ចាម ជាប់ជាប្រចាំ ដូចភ្លៀងរលឹម ចុះឆ្មក់ ឃ្លាំមើល ទីតាំងល្បែង ដែលបានធ្វើកិច្ចសន្យា បិទ កន្លងមក ប្រសិនបើមានការ លបលួចបើក ឡើងវិញ និងពិនិត្យមើលទីតាំង ផ្សេងទៀត ដែលលបលួចបើកលេងល្បែង ត្រូវចាត់ វិធានការបង្ក្រាបនៅនឹងកន្លែងតែម្តង។ រាជរដ្ឋាភិបាលបានដាក់គោលការណ៍៧ចំណុច សម្រាប់វិធានការក្នុងការបង្ក្រាបនៅល្បែងស៊ីសងគ្រប់ប្រភេទ នៅក្នុងមូលដ្ឋានក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕
ដោយ ឆាយ ម៉ុត





