ឧត្តមសេនីយ៍ទោ ហេង សុផល ដាក់គោលការណ៍០៧ចំណុចដល់កងកម្លាំងដើម្បីបង្ការ ទប់ស្កាត់ បទល្មើសគ្រប់ប្រភេទ
AKP កំពង់ធំ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥-- ឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានដាក់គោលការណ៍ចំនួន៧ចំណុច ដល់កងកម្លាំងដើម្បីបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែកុម្ភៈ និងត្រីមាសទី១ ឆ្នាំ២០២៥ កាលពីរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥។

ឧត្តមសេនីយ៍ទោ ហេង សុផល បានមានប្រសាសន៍ថា ទោះបីជាបទល្មើសព្រហ្មទណ្ឌ និងបទល្មើសផ្សេងៗ មានការថយចុះ ត្រូវតែប្រើប្រាស់វិធានការសរុប កម្លាំងសរុប និងមធ្យោបាយសរុបដើម្បីសំដៅបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ដើម្បីធានារក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

ឧត្តមសេនីយ៍ទោ ហេង សុផល បានដាក់គោលការណ៍០៧ចំណុចដល់កងកម្លាំង ដើម្បីឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាព រួមមាន៖ ១. ការងារព្រហ្មទណ្ឌ ត្រូវបង្កើនការអនុវត្តច្បាប់ សំដៅបង្ការ ទប់ស្កាត់ បទល្មើស លួច ឆក់ ប្លន់ ក្មេងទំនើង ល្បែងស៊ីសងនិងបង្ក្រាបទាន់ពេលវេលានិងមានប្រសិទ្ធភាពខ្ពស់។ ២. ការងារប្រឆាំងបទល្មើសគ្រឿងញៀន ត្រូវបង្ក្រាបដូចភ្លៀងរលឹម។ ៣. ការងារចរាចរណ៍ផ្លូវគោក ត្រូវរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកតាមគោលការណ៍។ ៤. ការងារអន្តោប្រវេសន៍ពង្រឹងការគ្រប់គ្រងវត្តមានជនបរទេស ដែលស្នាក់នៅក្នុងមូលដ្ឋានទូទាំងខេត្តកំពង់ធំ។ ៥. ការងារអត្តសញ្ញាណកម្ម បន្តបង្កើនការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ ប្រកបដោយទំនុកចិត្ត និងទាន់ចិត្ត។ ៦. បន្តថែរក្សាកត្តាសាមគ្គី ឯកភាពផ្ទៃក្នុង ចេះជួយគ្នាក្នុងគ្រាជួបទុក្ខលំបាកនិង៧. ឧត្តមសេនីយ៍ទោស្នងការ បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ ផែនការងារជំនាញនិងអធិការនគរបាលក្រុង-ស្រុក ត្រូវពង្រឹងការដឹកនាំបញ្ជា លើការងារអនុវត្ត តួនាទី/ភារកិច្ច ប្រចាំថ្ងៃនិងបានផ្ដាំផ្ញើដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ដែលជួបបញ្ហាប្រឈម ត្រូវបញ្ជុះកម្លាំងពីអធិការដ្ឋាននគរបាលស្រុក-ក្រុង ឬពីស្នងការដ្ឋាននគរបាលខេត្ត តាមការកំណត់ណាមួយដើម្បីជួយទ្រោលភាពការណ៍ ដល់់ប៉ុស្តិ៍នគរបាលរដ្ឋបាល (ជូនសេនាធិការ និងធនធានពិនិត្យ)។ ត្រូវមានការផ្លាស់ប្ដូរវេនប្រចាំការ២៤ម៉ោងលើ ២៤ម៉ោង ក្នុងអង្គភាពសម្រាប់កិច្ចប្រតិបត្តិការ រក្សាការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ បង្កើនការផ្សព្វផ្សាយគោលនយោបាយ "ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព" តាមវេទិកាសាធារណៈ ដល់មហាជន គ្រប់ស្រទាប់វណ្ណៈ ដើម្បីលើកកម្ពស់ ការយល់ដឹងនិងចូលរួមអនុវត្តឱ្យមានលទ្ធផលល្អប្រសើរ។ បង្កើនការល្បាត ផ្លាស់ប្តូរវេនប្រចាំការ តាមគោលដៅងាយរងគ្រោះ តាមមូលដ្ឋាន ភូមិ-ឃុំ-សង្កាត់ដែលខ្លួនទទួលខុសត្រូវ៕
ដោយ ស៊ុម វណ្ណា





