សិស្សវិទ្យាល័យហ៊ុនសែនព្រៃនប់ទទួលបានការបណ្ដុះបណ្ដាលស្ដីពីការអប់រំតម្រង់ទិសវិជ្ជាជីវៈ
AKP ភ្នំពេញ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥-- នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ ក្រោមការគាំទ្រពីអគ្គលេខាធិការដ្ឋាននៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី «ការអប់រំតម្រង់ទិសវិជ្ជាជីវៈ និងការជ្រើសរើសថ្នាក់វិទ្យាសាស្ត្រ វិទ្យាសាស្ត្រសង្គម ឬជំនាញបច្ចេកទេសវិជ្ជាជីវៈ» នៅវិទ្យាល័យហ៊ុនសែនព្រៃនប់ ស្រុកព្រៃនប់ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥។

ការរៀបចំវគ្គបណ្ដុះបណ្ដាលនេះជាផ្នែកមួយនៃការអន្ដរាគមន៍គាំទ្រដល់សិស្សានុសិស្សកម្រិតមធ្យមសិក្សា ដើម្បីផ្ដល់មូលដ្ឋានក្នុងការស្វែងយល់ពីខ្លួនឯង និងព័ត៌មានទីផ្សារការងារ ក៏ដូចជាការវិវត្តផ្នែកសេដ្ឋកិច្ច សង្គម ដែលជះឥទ្ធិពលដល់តម្រូវការជំនាញនៃកម្លាំងពលកម្មកម្ពុជាយើង ដើម្បីត្រួសត្រាយបង្ហាញផ្លូវដល់ពួកគេឱ្យទទួលបានព័ត៌មាន និងមានលទ្ធភាពពេញលេញក្នុងការសម្រេចចិត្តរៀបចំផែនការសិក្សា ផែនការអាជីព ជាពិសេសសំដៅដល់ការគាំទ្រក្នុងការជ្រើសរើសមុខជំនាញបន្ដការសិក្សានៅកម្រិតឧត្តមសិក្សា នាពេលខាងមុខ ប្រកបដោយភាពប្រាកដនិយម។

សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលស្ដីពី «ការអប់រំតម្រង់ទិសវិជ្ជាជីវៈ និងការជ្រើសរើសថ្នាក់វិទ្យាសាស្ត្រ វិទ្យាសាស្ត្រសង្គម ឬជំនាញបច្ចេកទេសវិជ្ជាជីវៈ» នៅវិទ្យាល័យហ៊ុនសែនព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុនេះ មានការចូលរួមពីសិស្សានុសិស្សចាប់ពីថ្នាក់ទី៩ ដល់ថ្នាក់ទី១២ សរុប ៣៧៥នាក់ ស្រី ២១៤នាក់៕
ដោយ ណយ នឿន (ប្រភព៖ នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ)





