ឯកឧត្តម ហ៊ែល តូនី ចូលរួមប្រជុំពិភាក្សាពង្រឹងយន្តការការងារតំបន់អភិរក្សជីវចម្រុះបឹងពារាំង
AKP ភ្នំពេញ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥-- នៅសាលប្រជុំអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមការងារបច្ចេកទេសអន្តរក្រសួង ស្តីពីការពិភាក្សាពង្រឹងយន្តការការងារតំបន់អភិរក្សជីវចម្រុះ បឹងពារាំង ។

កិច្ចប្រជុំពិភាក្សានេះមានគោលបំណងពិភាក្សាពិគ្រោះយោបល់សំដៅពង្រឹងនិរន្តរភាពយន្តការដំណើរការការងារសហគមន៍តំបន់អភិរក្សជីវចម្រុះបឹងពារាំង ក្នុងស្មារតីចូលរួមគាំទ្រ និងលើកកម្ពស់ប្រសិទ្ធភាពតំបន់អេកូទេសចរណ៍ធម្មជាតិបឹងពារាំង និងការពារថែរក្សាធនធានធម្មជាតិ ដែនព្រៃលិចទឹក និងព្រៃលិចទឹកស្ថិតក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

ជារួម លទ្ធផលនៃកិច្ចប្រជុំពិភាក្សាខាងលើនេះ គឺក្រុមការងារបច្ចេកទេសអន្តរក្រសួងស្ថាប័ន បានឯកភាពនឹងរួមគ្នាចុះធ្វើការសិក្សាស្រាវជ្រាវលម្អិតបន្ថែមនៅទីតាំងជាក់ស្តែងនៃតំបន់អភិរក្សជីវចម្រុះបឹងពារាំង ជាមួយនឹងការចូលរួមគាំទ្រ និងពង្រឹងនិរន្តរភាពយន្តការដំណើរការការងារសហគមន៍តំបន់អភិរក្សឱ្យប្រកបដោយប្រសិទ្ធភាព ដោយសហការការងារយ៉ាងជិតស្និទ្ធជាមួយក្រុមការងារថ្នាក់ខេត្ត និងអ្នកពាក់ព័ន្ធ។

ក្នុងកិច្ចប្រជុំពិភាក្សា ក៏មានចូលរួមពីស្ថាប័នថ្នាក់កណ្តាល រួមមាន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងទេសចរណ៍ អង្គភាពប្រឆាំងអំពើពុករលួយ រដ្ឋបាលជលផល អគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប និងមន្ទីរធនធានទឹក និងឧតុនិយម ខេត្តសៀមរាប៕
ដោយ ណយ នឿន (ប្រភព៖ អាជ្ញាធរទន្លេសាប)





