ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រកឃើញ៣ក្រុមចុងក្រោយ ឡើងវគ្គបន្ត ១/៤ផ្តាច់ព្រ័ត្រថ្នាក់ជាតិ
AKP ភ្នំពេញ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥--
ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៨ រដូវកាល ២០២៤-២០២៥ ថ្នាក់ជាតិបានរកឃើញបេក្ខភាព៣ក្រុមចុងក្រោយ គឺព្រះខ័នរាជស្វាយរៀង គិរីវង់សុខសែនជ័យ និងក្រុមអាយអេសអាយដង្កោសែនជ័យ ដែលបានឡើងវគ្គ៨ក្រុមចុងក្រោយ ឬវគ្គ១/៤ផ្តាច់ព្រ័ត្រ។

បេក្ខភាព៣ក្រុមនេះ គឺបានយកឈ្នះគូប្រកួតរៀងៗខ្លួនដូចៗគ្នា កាលពីល្ងាចថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បន្ទាប់ពីសរុបលទ្ធផលទាំងពីរជើង នៅវគ្គ១៦ក្រុមថ្នាក់ជាតិ។ ៣ប្រកួតចុងក្រោយនៃជើងទី២នេះ រួមមាន៖ ព្រះខ័នរាជស្វាយរៀង បានប្រកួតឈ្នះក្រុមខេត្តកែប ដោយលទ្ធផល ១១-០ សរុបទាំងពីរជើង ២០-០, គិរីវង់សុខសែនជ័យ បានឈ្នះក្រុមឡាយហ្វខេត្តព្រះសីហុន ៣-២ សរុបទាំងពីរជើង ៥-២ ខណៈអាយអេសអាយដង្កោសែនជ័យបានយកឈ្នះក្រុមខេត្តត្បូងឃ្មុំ ៣-២ ហើយសរុបលទ្ធផលទាំងពីរ ៦-២។

ដូច្នេះ៨ក្រុមចុងក្រោយឡើងទៅប្រកួតនៅវគ្គ ១/៤ផ្តាច់ព្រ័ត្រ រួមមាន៖ក្រុមអាយ អេស អាយ ដង្កោសែនជ័យ ប៉ះ បឹងកេត, ណាហ្គាវើលដ៍ ប៉ះ ភ្នំពេញក្រោន, កងយោធពលខេមរភូមិន្ទ ប៉ះ វិសាខា ខណៈគិរីវង់សុខសែនជ័យ នឹងត្រូវប្រជែងព្រះខ័នរាជស្វាយរៀង នាសប្តាហ៍បន្តបន្ទាប់ខាងមុខនេះ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ត្រូវបានចែកចេញជាពីរកម្រិត គឺថ្នាក់ខេត្ត និងថ្នាក់ជាតិ ដោយការប្រកួតថ្នាក់ខេត្ត មានក្រុមខេត្តនានាប្រកួតប្រជែងគ្នា កន្លងទៅ ដើម្បីស្វែងរកក្រុមជ័យលាភីថ្នាក់ខេត្ត ឡើងមកជួបប្រកួតជាមួយក្រុមនានា ដែលកំពុងឈរជើងនៅក្នុងក្របខណ្ឌខេមបូឌានព្រីមៀរលីគ ឬលីគកំពូលកម្ពុជា ដែលមាន១៦ក្រុម ហៅថា ការប្រកួតថ្នាក់ជាតិ៕
ដោយ ហេង ណាលីន (រូបភាព៖ Hun Sen Cup)





