រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនប្រទេសកម្ពុជា និងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងឡូជីស្ទីក ប្រទេសម៉ារ៉ុក ជួបពិភាក្សាគ្នាដើម្បីបង្កើនកិច្ចសហប្រតិបតិ្តការ
AKP ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ -- នៅព្រឹកថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម Abdessamad Kayouh រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងឡូជីស្ទីកប្រទេសម៉ារ៉ុក អមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីកម្ពុជា ដែលអញ្ជើញចូលរួមក្នុងសន្និសីទសកលថ្នាក់រដ្ឋមន្ត្រីស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៤ នៅប្រទេសម៉ារ៉ុក។

ឯកឧត្តម ប៉េង ពោធិ៍នា បានសម្តែងនូវការកោតសរសើរដល់ក្រសួងដឹកជញ្ជូននិងឡូជីស្ទីកនៃប្រទេសម៉ារ៉ុក ដែលបានរៀបចំសន្និសីទសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៤ នេះប្រព្រឹត្តទៅដោយភាពរលូន និងទទួលបានលទ្ធផលជាផ្លែផ្កា។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានចែករំលែកអំពីស្ថានភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកបច្ចុប្បន្ន និងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយចំនួនអ្នកស្លាប់ និងអ្នករងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដើម្បីសម្រេចឱ្យបានតាមផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោករយៈពេល១០ឆ្នាំ (២០២១-២០៣០)។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន និងឡូជីស្ទីកនៃប្រទេសម៉ារ៉ុក បានចូលរួមអបអរសាទរជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាលើការងារទប់ស្កាត់ កាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលជាបញ្ហាប្រឈមរបស់សកលលោកទាំងមូល។
ឯកឧត្តមរដ្ឋមន្រ្តីក៏បានប្តេជ្ញារួមសហការជាមួយកម្ពុជាលើគ្រប់រូបភាព ជាពិសេស ការជួយគាំទ្រលើផ្នែកបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្រ្តីកម្ពុជាលើការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក៕

ដោយ៖ ប៊ុនរិទ្ធ,ប្រភព៖ ក្រសួងសាធារណការនិងដឹកជញ្ជូន





