អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងអប់រំ និងអាជ្ញាធរខេត្តសៀមរាប រួមគ្នាបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន អេដស៍ បារីអេឡិចត្រូនិក និង App NoDrug ដល់សិស្ស និងគរុសិស្សក្នុងខេត្ដសៀមរាប
AKP សៀមរាប ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២៥
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងអប់រំ យុវជន និងកីឡា និងអាជ្ញាធរខេត្តសៀមរាបបានរួមគ្នាបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន អេដស៍ ចរាចរណ៍ បារីអេឡិចត្រូនិច និងApp NoDrug តាមរយៈសិក្ខាសាលាអប់រំផ្សព្វផ្សាយស្តីពីផលប៉ះពាល់ដល់សុខភាពបណ្តាលមកពីការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ បារីអេឡិចត្រូនិច ការបង្ការមេរោគអេដស៍ ជំងឺអេដស៍ និងច្បាប់ចរាចរណ៍ផ្លូវគោក ដល់គរុសិស្ស សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ចំនួន ២១៨ នាក់។

ថ្លែងក្នុងសិក្ខាសាលាអប់រំផ្សព្វផ្សាយស្តីពីផលប៉ះពាល់ដល់សុខភាពបណ្តាលមកពីការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ផលិតផលថ្នាំជក់ បារីអេឡិចត្រូនិច ការបង្ការមេរោគអេដស៍ ជំងឺអេដស៍ និងការបង្ការគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅតាមគ្រឹះស្ថានឧត្ដមសិក្សា នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅខេត្ដសៀមរាប ឯកឧត្ដម ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានលើកឡើងថា បញ្ហាគ្រឿងញៀនគឺជាបញ្ហារួមរបស់យើងទាំងអស់គ្នាដែលតម្រូវឱ្យមានការចូលរួមពីគ្រប់សមាសភាព បង្ការ ទប់ស្កាត់ ដើម្បីកុំឱ្យរីករាលដាលក្នុងសហគមន៍ដែលក្នុងនោះយុវជនគឺជាកម្លាំងសំខាន់មុតស្រួចជួយទៅដល់ការងារផ្សព្វផ្សាយព័ត៌មានពិតដល់ក្រុមគ្រួសារក៏ដូចជាប្រជាពលរដ្ឋទូទៅក្នុងសហគមន៍ មិនជក់ មិនជួញគ្រឿងញៀនដែលនាំទុក្ខដល់ខ្លួនឯង ក្រុមគ្រួសារនិងសង្គមជាតិ។

ឯកឧត្ដម ឧត្ដមសេនីយ៍ឯកក៏បានសំណូមពរដល់អ្នកចូលរួមទាំងអស់ត្រូវជួយផ្សព្វផ្សាយ និងទាញយក App NoDrug ដើម្បីចូលរួមកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនពិសេសគឺរាយការណ៍ដើម្បីយកបញ្ហាគ្រឿងញៀនចេញពីសហគមន៍។
ក្នុងឱកាសនោះ ឯកឧត្តម សំកុល សុចិត្រា អភិបាលរងខេត្ដ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តសៀមរាបបានថ្លែងអំណរគុណដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា និងគ្រប់សមាសភាពទាំងអស់ដែលបានរួមគ្នាជួយលើកកម្ពស់ប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន អេដស៍ គ្រោះថ្នាក់ចរាចរណ៍ បារីអេឡិចត្រូនិច និងApp NoDrug។ ឯកឧត្ដមអភិបាលរងខេត្ដបានបន្ដថា គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តសៀមរាបបានអនុវត្តន៍នូវរាល់វិធានការ បទដ្ឋានគតិយុត្តិនានា រាជរដ្ឋាភិបាល អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនធ្វើឱ្យក្លាយទៅចលនាជាតិមួយដែលមានការចូលរួមគ្រប់សមាសភាពទាំងអស់ ការបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀនគឺពិតជាសំខាន់បំផុតសម្រាប់ការពារយុវជនធនធានរបស់យើងក៏ដូចជាដល់នូវទំនុកចិត្តដល់អ្នកទេសចរណ៍ឱ្យមកកម្សាន្តនៅទឹកដីខេត្តសៀមរាបដ៏បវរនៃយើងផងដែរ។
សូមជម្រាបជូនថា សម្រាប់វាគ្មិនដែលបានចូលរួមក្នុងសិក្ខាសាលានេះ រួមមាន ឯកឧត្ដមសាស្ត្រាចារ្យ មហាបរិញ្ញា ហោ ប៊ុនឡេង អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លោកឧត្តមសេនីយ៍ត្រី យិន យឿត លោក ឈឹម វិបុល បានផ្ដល់ចំណេះដឹងដល់អ្នកចូលរួមពីវិធីសាស្ត្រ បច្ចេកទេសសំខាន់ៗ ក្នុងការបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន បញ្ហាមេរោគអេដស៍ ជំងឺអេដស៍ គ្រោះថ្នាក់ចរាចរណ៍ និងសុវត្ថិភាពនៅលើដងផ្លូវ បារីអេឡិចត្រូនិក អត្ថប្រយោជន៍ជំរុញការទាញយកប្រើប្រាស់ App NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនសំដៅចូលរួមទាំងអស់គ្នា ក្នុងគោលបំណងរួមគ្នាហើយអ្នកចូលរួមទាំងអស់អាចក្លាយជាជនបង្គោលសម្រាប់ក្រុមគ្រួសារនិងសហគមន៍របស់ពួកគេ៕


ដោយ៖ រិទ្ធី ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន





