កិច្ចពិភាក្សាស្ដីពី “ពង្រឹងភាពជាដៃគូរវាងសេវាសុខាភិបាលសាធារណៈ និងសេវាឯកជន ដើម្បីលើកកម្ពស់គុណភាពនៃការថែទាំសុខភាព មាតា ទារក កុមារ និងយុវវ័យ”
AKP ភ្នំពេញ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥-- ដើម្បីចូលរួមអបអរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២៥ កាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានរៀបចំកិច្ចពិភាក្សាស្ដីពី “ពង្រឹងភាពជាដៃគូរវាងសេវាសុខាភិបាលសាធារណៈ និងសេវាឯកជន ដើម្បីលើកកម្ពស់គុណភាពនៃការថែទាំសុខភាព មាតា ទារក កុមារ និងយុវវ័យ” ក្រោមការសម្របសម្រួលពីលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ។

កិច្ចពិភាក្សានេះបានប្រារព្ធធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ អនុប្រធាន គណៈទីប្រឹក្សា និងសមាជិកក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃទីស្នាក់ការកណ្តាល មន្ត្រីសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងអនុសាខា និងយុវជនកាកបាទក្រហមកម្ពុជានិងនិស្សិតសាកលវិទ្យាល័យមេគង្គកម្ពុជានិងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ សរុបចំនួន ១៨០នាក់។

ក្នុងឱកាសបើកកិច្ចពិភាក្សា លោកជំទាវអគ្គលេខាធិការ បានឱ្យដឹងថា ការរៀបចំកិច្ចពិភាក្សាលើប្រធានបទ “ពង្រឹងភាពជាដៃគូរវាងសេវាសុខាភិបាលសាធារណៈ និងសេវាឯកជន ដើម្បីលើកម្ពស់គុណភាពនៃការថែទាំសុខភាព មាតា ទារក កុមារ និងយុវវ័យ” គឺដើម្បីអបអរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២៥ និងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការចូលរួមចំណែកកាត់បន្ថយអាត្រាមរណៈរបស់មាតា និងទារក នៅក្នុងពេលសម្រាល ឱ្យធ្លាក់ចុះទាបកម្រិតអប្បរមាបំផុត អប់រំផ្សព្វផ្សាយតាមសហគមន៍ឱ្យយកចិត្តទុកដាក់គាំពារសុខភាពស្រ្តីជាមាតា និងកុមារ រួមទាំងការទប់ស្កាត់ការចម្លងមេរោគអេដស៍ មេរោគស្វាយ ថ្លើមប្រភេទបេ និងជំងឺផ្សេងៗទៀតពីម្តាយទៅកូន ផ្សព្វផ្សាយជូនបងប្អូនជនរួមជាតិពីវិធីសាស្រ្តជំនាញមានវិជ្ជាជីវៈក្នុងការពង្រឹងសេវាសុខភាពបន្តពូជ សុខភាព មាតា ទារក កុមារ យុវវ័យ អាហារូបត្ថម្ភ ដើម្បីសុខុមាលភាពប្រជាជនតាមគោលដៅអភិវឌ្ឍន៍មានចីរភាពឆ្នាំ២០៣០។

សូមជម្រាបជូនថា ក្នុងកិច្ចពិភាក្សានេះ ក៏មានសំណួរ-ចម្លើយរបស់និស្សិត និងយុវជនកាកបាទក្រហមកម្ពុជា ជាមួយវាគ្មិន៣រូប ដែលធ្វើឱ្យវេទិកានៃកិច្ចពិភាក្សានេះដំណើរការដោយរលូន ផុសផុល និងទទួលបានផ្លែផ្កា ជាពិសេសខ្លឹមសារអប់រំផ្សព្វផ្សាយយ៉ាងទូលំទូលាយ។ វាគ្មិនទាំង៣រូបនោះគឺ សាស្ត្រាចារ្យជំនួយ គឹម រ័ត្ននា ប្រធានមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការ និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៃសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម និងDr. MANABU OKAWADA ប្រធានមន្ទីរពេទ្យជប៉ុនសាន់រ៉ាយ៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





