កម្ពុជា និងឥណ្ឌា ចុះអនុស្សរណៈនៃការយោគយល់ ដើម្បីសហការអនុវត្តគម្រោង Quick Impact Project (QIP)
AKP ភ្នំពេញ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥-- ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងការបរទេសនៃសាធារណរដ្ឋឥណ្ឌា បានចុះអនុស្សរណៈនៃការយោគយល់ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីសហការអនុវត្តគម្រោង Quick Impact Project (QIP) ដោយបង្កើតបណ្ណាល័យវិទ្យាសាស្ត្រ នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ។

គំនិតផ្តួចផ្តើមនេះមានគោលដៅបណ្តុះវប្បធម៌នៃការសិក្សាស្វែងយល់ផ្នែកវិទ្យាសាស្ត្រ និងនវានុវត្តន៍ ក្នុងចំណោមយុវជនកម្ពុជា តាមរយៈការពង្រីកលទ្ធភាពទទួលបានឯកសារ សម្ភារសិក្សា និងធនធានទាក់ទងនឹងវិទ្យាសាស្ត្រ។
អនុស្សរណៈនេះត្រូវបានចុះហត្ថលេខា ដោយឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំនៅកម្ពុជា ដោយឈរលើមូលដ្ឋាននៃភាពជាដៃគូផ្នែកវប្បធម៌ និងប្រវត្តិសាស្ត្រដ៏យូរអង្វែងរវាងឥណ្ឌា និងកម្ពុជា ក៏ដូចជាចក្ខុវិស័យរួមរបស់ប្រទេសទាំងពីរ ក្នុងការលើកកម្ពស់ការយល់ដឹងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

ឯកឧត្តម ហែម វណ្ណឌី បានមានប្រសាសសន៍ថា គំនិតផ្តួចផ្តើមនេះបង្ហាញពីការប្តេជ្ញាចិត្តរួមរបស់ប្រទេសទាំងពីរ ក្នុងការពង្រឹងចំណេះដឹងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅក្នុងតំបន់ជនបទ។ ខណៈដែលយើងចាប់ផ្តើមកិច្ចសហប្រតិបត្តិការថ្មីនេះ ក្រសួងនឹងបន្តប្រើប្រាស់មូលដ្ឋានដែលមានស្រាប់ ដើម្បីស្វែងរកឱកាសពង្រីកកិច្ចសហការបន្ថែមទៀតក្រោមក្របខណ្ឌនៃគម្រោង QIP។
ដោយ៖ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងឧស្សាហកម្ម)





