ខ្នងព្រះតំបន់ទេសចរណ៍ដ៏មានសក្តានុពលដែលបានជួយពលរដ្ឋសហគមន៍រកចំណូលកាន់តែប្រសើរឡើង
AKP ភ្នំពេញ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥-- ខ្នងព្រះគឺជាតំបន់អេកូរទេសចរណ៍ធម្មជាតិមួយដែលស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំសំកុសនៃជួរភ្នំក្រវ៉ាញ ក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ទីកន្លែងនេះបានក្លាយជាតំបន់ទេសចរណ៍ដ៏មានសក្តានុពលមិនអាចកាត់ថ្លៃបានសោះឡើយនៅក្នុងតំបន់ដែលជាប់ព្រំដែនប្រទេសថៃមួយនេះ។ ចាប់ពីព្រឹកព្រលឹមស្រាងៗដែលពន្លឺព្រះអាទិត្យ ពុំទាន់រះអណ្តែតបង្ហាញពន្លឺចេញពីផែនពសុភាផងនោះក្រុមអ្នកនាំផ្លូវបាននាំគ្នាម្នីម្នា និងរួមទាំងអ្នកទេសចរបែបផ្សងព្រេងផងបានជួបជុំគ្នាដើម្បីធ្វើដំណើរទៅកាន់លើតំបន់ទេសចរណ៍ដ៏មានសក្តានុពលនៃទឹកដីវាលវែងនៃខេត្តពោធិ៍សាត់ គឺភ្នំខ្នងព្រះ។

មគ្គុទេសក៍នាំផ្លូវដែលជាអ្នកស្រុកគឺពួកគាត់មានគ្នាប្រមាណ២ទៅ៣នាក់តែងដាក់វេនគ្នានាំភ្ញៀវទេសចរទៅកម្សាន្តលើភ្នំខ្នងព្រះ ដែលជាមុខរបរថ្មីមួយកំពុងត្រូវបានពលរដ្ឋនៅតំបន់នេះយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយក៏ជាមុខរបរមួយផ្តល់នូវប្រាក់កម្រៃកាន់តែប្រសើរឡើងរបស់ពួកគាត់ ពីមួយថ្ងៃទៅមួយថ្ងៃ។ ជាមួយដំណើរទៅលើខ្នងភ្នំ អ្នកទេសចរត្រូវដើរថ្មើរជើងប្រមាណ៨គីឡូម៉ែត្រដោយចាំបាច់ត្រូវដើរឆ្លងកាត់ព្រៃព្រឹក្សា និងឡើងចំណោតភ្នំជាច្រើនកន្លែង។ តាមដងផ្លូវដ៏វែងឆ្ងាយ ភ្ញៀវទេសចរអាចទស្សនាព្រៃព្រឹក្សាផ្កាព្រៃរុក្ខជាតិប្លែកៗជាច្រើនប្រភេទ។ នាពេលព្រឹកអ្នកទេសចរ អាចគយគន់ថ្ងៃរះតាមជ្រលងភ្នំច្រមុះបារាំង និងពេលល្ងាច អាចគយគន់ថ្ងៃរៀបលិច ជះពន្លឺចូលសមុទ្រ ព្រំដែនខ្មែរថៃយ៉ាងស្រស់ស្អាត។ ជាពិសេសពេលរាត្រីគេងនៅក្នុងតង់ដែលមានសីតុណ្ហភាពចន្លោះពី១០ទៅ១៥អង្សា។

លោក សាវ ធីម ប្រធានក្រុមអ្នកនាំផ្លូវសហគមន៍ភ្នំព្រះដែលស្ថិតនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានប្រាប់ថា តាមរយៈទេសចរណ៍ធម្មជាតិនេះមិនត្រឹមជួយដល់ពលរដ្ឋសហគមន៍ទេ តែក៏បានជួយទប់ស្កាត់ការកាប់ព្រៃឈើ និងរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចរបស់សហគមន៍។កាលពីមុននេះលោកគឺជាអ្នកដើរបេះផ្កាកេសរកូល ក្នុងព្រៃដើម្បីលក់ទៅឱ្យឈ្មួញថៃ និងរកសត្វព្រៃមួយចំនួន តែបច្ចុប្បន្នដោយសារមានសេវាទេសចរណ៍ លោក និងអ្នកភូមិដទៃទៀតបានបោះបង់មុខរបរមុននេះចោល ហើយមកប្រកាន់មុខរបរសេវានាំភ្ញៀវទៅលើខ្នងភ្នំព្រះ។ សម្រាប់សេវានាំភ្ញៀវទេសចរនេះរយៈពេលមួយថ្ងៃលោកអាចរកបានចំនួន៨ម៉ឺនរៀល និងរួមផ្សំធ្វើម្ហូបជូនភ្ញៀវទេសចរផងមួយថ្ងៃអាចរកបានជាង១០ម៉ឺនរៀលទៀតផង។

លោក សាវ ធីម បានប្រាប់ថាមុខរបរថ្មីផ្តល់ប្រាក់ចំណូលខ្ពស់ នាំឱ្យជីវភាពមានលំនឹង មិនដូចកាលពីមុនដើរបេះបោចកេសរកូល ទៅលក់ឱ្យឈ្មួញថៃដែលគិតមកដល់ពេលនេះលោកសោកស្តាយយ៉ាងខ្លាំងផ្កាកេសរកូលកម្ពុជា។ ពេលនេះផ្កាកេសរកូលនៅតំបន់នេះមានការថយចុះ ហើយដែលចាំបាច់លោក និងពលរដ្ឋដទៃទៀតរួមគ្នាអភិរក្សឡើងវិញ។
បុរសដែលផ្លាស់ប្តូរមុខរបរធ្លាប់តែដើរបេះផ្កាសម្រាប់លក់ និងបរបាញ់សត្វរូបនេះបា្រប់ដែរថា តំបន់ខ្នងព្រះសម្បូរសក្តានុពល ពិសេសផ្កា មានច្រើនដែលអ្នកទេសចរអាចទស្សនាមិនចេះជិនណាយ។ ក្រៅពីនេះក៏មានសត្វ ទេសភាពស្រស់ស្អាតឱ្យទស្សនាមិនចេះនឿយហត់ មកហើយចង់មកទៀត។
លោក ប៊ុន សម្បត្តិ មន្រ្តីឧទ្យានុរក្សប្រចាំនៅតំបន់ប្រចាំនៅទីស្នាក់ការអូរជាំស្លា នៅដែនជម្រកសត្វព្រៃភ្នំសំកុសបានឱ្យដឹងថា នៅតំបន់ខ្នងភ្នំព្រះសម្បូរទៅដោយសត្វព្រៃ ព្រៃព្រឹក្សា ផ្កាព្រៃដ៏ស្រស់ស្អាតដែលទាក់ទាញភ្ញៀវទេសចរឱ្យទស្សនា។ព្រមជាមួយគ្នាធនធានធម្មជាតិទាំងនេះនាពេលបច្ចុប្បន្នបានកំពុងអភិរក្សយ៉ាងរឹងមាំសម្រាប់បម្រើលើវិស័យទេសចរណ៍សហគមន៍។

ទាក់ទិននឹងរឿងនេះ ឯកឧត្តម ខ្វៃ អាទិត្យា មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងឱ្យដឹងបន្ថែមថា ការថែរក្សាបាននូវធនធានធម្មជាតិ មិនត្រឹមតែរក្សាបានលំនឹងប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ប៉ុណ្ណទេ ប៉ុន្តែយើងអាចថែរក្សាគង់វង្សនូវសម្បត្តិធនធានធម្មជាតិ សម្រាប់ប្រយោជន៍ដល់កូនចៅជំនាន់ក្រោយ ដែលវាក៏ជាផ្នែកមួយសម្រាប់ជំរុញដល់សេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែរីកចម្រើនលូតលាស់ជាបន្តបន្ទាប់។
គួរបញ្ជាក់ថាខ្នងព្រះគឺសម្បូរទៅដោយដើមឈើ និងរុក្ខជាតិប្លែកៗយ៉ាងច្រើនចាប់តាំងពីជើងភ្នំរហូតដល់កំពូលភ្នំ។ ក្រៅពីនេះផ្គួបផ្សំជាមួយអាកាសធាតុត្រជាក់នៅតាមដងផ្លូវនៃព្រៃភ្នំផង បានជួយជាកម្លាំងក្នុងការឡើងភ្នំ ដល់អ្នកទេសចរ និងបានសាងក្តីសប្បាយរីករាយមិនអាចបំភ្លេចក្នុងតំបន់ដ៏ស្រស់ស្អាតមួយនេះសោះឡើយ៕
ដោយ៖ ដេប៉ូ





