ឯកឧត្តម ឡាំ ជា អញ្ជើញដឹកនាំអង្គសិក្ខាសាលាផ្សព្វផ្សាយស្តីពី «កិច្ចការព្រំដែននៃព្រះរាជាណាចក្រកម្ពុជា»
AKP ភ្នំពេញ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥-- ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន (រ.ក.ព.) បានដឹកនាំគណៈប្រតិភូរ.ក.ព. និងតំណាងអន្តរក្រសួង រួមមានឯកឧត្តម ហ៊ូ សាគុណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម អ៊ុយ សារិន រដ្ឋលេខាធិការក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «កិច្ចការព្រំដែននៃព្រះរាជាណាចក្រកម្ពុជា» ខេត្តស្វាយរៀង កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យស្វាយរៀង ក្រោមកិច្ចសហការរៀបចំឡើងរវាងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងរដ្ឋបាលខេត្តស្វាយរៀង។

សិក្ខាសាលានេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សា និងគណៈអភិបាលក្រុង-ស្រុក-ឃុំ ដែលមានព្រំប្រទល់ជាប់ប្រទេសជិតខាង នាយក នាយករងរដ្ឋបាល នាយទីចាត់ការ ប្រធានមន្ទីរជំនាញនានា ព្រមទាំងមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធមានសមត្ថកិច្ចចំណុះឱ្យរដ្ឋបាលខេត្តស្វាយរៀង យុវជនកាយរិទ្ធិ យុវជនកាកបាទក្រហម យុវជនស.ស.យ.ក សិស្ស និងនិស្សិតសរុបចំនួន៦១៥នាក់ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់យ៉ាងច្បាស់លើកិច្ចការព្រំដែនដែលជាកិច្ចការដ៏មានសារៈសំខាន់ និងអាទិភាពបំផុតជាអាយុជិវិតរបស់ជាតិដែលរាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានសម្រេចឆន្ទៈមោះមុតក្នុងការកសាងខ្សែបន្ទាត់ព្រំដែន និងការបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាងឱ្យបានរឹងមាំ ជាក់លាក់ និងស្ថាពរ ដើម្បីបន្សល់ទុកជូនកូនចៅខ្មែរគ្រប់ជំនាន់។


អនុលោមតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តរក្សាការពារសមិទ្ធផលជាប្រវត្តិសាស្ត្រពាក់ព័ន្ធកិច្ចការព្រំដែន និងបានយកចិត្តទុកដាក់ខ្ពស់បំផុត ព្រមទាំងប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវស្មារតីទទួលខុសត្រូវខ្ពស់បំផុតដើម្បីសម្រេចចក្ខុវិស័យ «កសាងខ្សែបន្ទាត់ព្រំដែនមួយប្រកបដោយភាពពេញលេញ ច្បាស់លាស់ និងស្ថាពរ ជាព្រំដែនមិត្តភាព សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ» ព្រមទាំងធានារក្សាការពារមិនឱ្យមានការរំលោភបានជាដាច់ខាតនូវអធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន)





