ឯកឧត្តម សរ គឹមសាន្ត ដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងបទបញ្ជាផ្ទៃក្នុងរបស់អាជ្ញាធរទន្លេសាប
AKP ភ្នំពេញ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥-- ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការអាជ្ញាធរទន្លេសាប កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងបទបញ្ជាផ្ទៃក្នុងស្តីពីនីតិវិធីអនុវត្តការងារក្នុងអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរទន្លេសាប នៅសាលប្រជុំទីស្តីការក្រសួងធនធានទឹក និងឧតុនិយម។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គលេខាធិការរង លោកទីប្រឹក្សា លោកប្រធាន-អនុប្រធាននាយកដ្ឋាន លោកប្រធាន អនុប្រធានការិយាល័យ និងមន្រ្តីក្រោមឱវាទរបស់នាយកដ្ឋានទាំង៤របស់អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរទន្លេសាប និងមានគោលបំណងពិនិត្យ និងពិភាក្សាផ្តល់យោបល់ណែនាំបន្ថែមទៅលើបទបញ្ជាផ្ទៃក្នុង ដើម្បីពង្រឹងនីតិវិធីអនុវត្តការងារឱ្យមានប្រសិទ្ធភាព អភិបាលកិច្ចល្អ និងលើកកម្ពស់វិន័យ ក្រមសីលធម៌ សាមគ្គីភាពផ្ទៃក្នុង សណ្តាប់ធ្នាប់របៀបរៀបរយ រក្សាឱ្យបាននូវសេចក្តីថ្លៃថ្នូរ ព្រមទាំងកំណត់ អំពីសិទ្ធិ កាតព្វកិច្ច ដើម្បីភាពសុខដុមនីយកម្ម ប្រសិទ្ធភាពការងារ និងនិរន្តរភាពការងាររបស់ អាជ្ញាធរទន្លេសាប។

សូមបញ្ជាក់ថា សេចក្តីព្រាងបទបញ្ជាផ្ទៃក្នុងស្តីពីនីតិវិធីអនុវត្តការងារក្នុងអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរទន្លេសាប ចែកជា៧ចំណុច ផ្តោតសំខាន់លើ៖ ទី១. នីតិវិធីអនុវត្តការងារ ទី២. កាតព្វកិច្ចមន្ត្រីរាជការ ទី៣. វិន័យ និងសិទ្ធិមន្ត្រីរាជការ ទី៤. ការចូលរួមថែរក្សារទ្រព្យសម្បត្តិ សន្សំសំចៃ និងអនាម័យ ទី៥. ការហាមឃាត់ និងសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយ ទី៦. ផលប្រយោជន៍ និងទី៧. ពិន័យទណ្ឌកម្មមន្ត្រីរាជការ៕
ដោយ ណយ នឿន (ប្រភព៖ អាជ្ញាធរទន្លេសាប)





