រដ្ឋមន្ត្រីក្រសួងអប់រំប្រគល់រង្វាន់ជ័យលាភីការប្រកួតប្រជែងគ្រូបង្រៀនដែលមានគំនិតច្នៃប្រឌិតខ្ពស់ផ្នែកបច្ចេកវិទ្យាអប់រំឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥-- ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កាលពីរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានធ្វើការប្រគល់រង្វាន់ជូនដល់ជ័យលាភីនៃកម្មវិធីប្រកួតប្រជែងគ្រូបង្រៀនដែលមានគំនិតច្នៃប្រឌិតខ្ពស់ផ្នែកបច្ចេកវិទ្យាអប់រំឆ្នាំ២០២៥ ដែលបានធ្វើឡើងក្នុងសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជាលើកទី១ ក្រោមប្រធានបទ “មាគ៌ាកម្ពុជាឆ្ពោះទៅកាន់ការអប់រំឌីជីថល” រយៈពេល២ថ្ងៃ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលកម្មវិធីប្រកួតនេះបានផ្ដល់ឱកាសដល់គ្រូបង្រៀន ដែលកំពុងបង្រៀននៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ ឬឯកជន ដែលមានគំនិតច្នៃប្រឌិតខ្ពស់ក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានជំនួយដល់ការបង្រៀន និងរៀនបានបញ្ចេញសមត្ថភាពរបស់ខ្លួន។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃ ខ្ពស់ចំពោះលោកគ្រូ អ្នកគ្រូ ដែលបានចូលរួមក្នុងការប្រកួត ជាពិសេសចំពោះការធ្វើបទបង្ហាញ ក្នុងកម្មវិធីនេះ ព្រមទាំងបានផ្តល់អនុសាសន៍លើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ ម្ចាស់ជ័យលាភីទាំងអស់ឱ្យសរសេរចងក្រងជាសៀវភៅពាក់ព័ន្ធនឹងការប្រើប្រាស់បច្ចេកវិទ្យាក្នុងការបង្រៀនមុខវិជ្ជាស្ទែម ក៏ដូចជាក្នុងបរិបទជនបទ ដើម្បីចែករំលែកបទពិសោធន៍ទៅកាន់លោកគ្រូ អ្នកគ្រូផ្សេងទៀតឱ្យបានទូលំទូលាយ ដោយគូសបញ្ជាក់ថា ក្រសួងអប់រំនឹងបន្តយកចិត្តទុកដាក់ផ្តល់ការគាំទ្រ និងទទួលស្គាល់នូវការខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានប្រើប្រាស់បច្ចេកវិទ្យាដើម្បីលើកកម្ពស់ការបង្រៀន និងរៀនឱ្យកាន់មានប្រសិទ្ធភាព និងប្រសិទ្ធផល។

ឯកឧត្តមបានលើកឡើងពីគំនិតផ្តួចផ្ដើមនៃការជ្រើសរើសគ្រូបង្រៀនផ្នែកបច្ចេកវិទ្យានាពេលអនាគត និងសូមលើកទឹកចិត្តឱ្យលោកគ្រូ អ្នកគ្រូទាំងអស់ខិតខំប្រឹងប្រែងចាប់យកចំណេះវិជ្ជាតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ជាពិសេសបញ្ញាសិប្បនិម្មិត (AI) ដើម្បីចែករំលែកចំណេះដឹងបន្តទៅកាន់សិស្សានុសិស្ស ក្នុងបុព្វហេតុអភិវឌ្ឍធនធានមនុស្សកម្ពុជាប្រកបដោយសក្តានុពល ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប្រកបដោយចីរភាព។

ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន សូមចូលរួមអបអរសាទរដល់ម្ចាស់ជ័យលាភី ក្នុងការប្រកួតប្រជែងគ្រូបង្រៀនដែលមានគំនិតច្នៃប្រឌិតខ្ពស់ផ្នែកបច្ចេកវិទ្យាអប់រំឆ្នាំ២០២៥ ដែលរួមមាន ជ័យលាភីលេខ១ បេក្ខជន ស្រេង ចក់ មកពីសាលាបឋមសិក្សាពាក់ស្នែង និងបេក្ខនារី ហេង ឆាយអ៊ី មកពីសាលាបឋមសិក្សាអនុវត្តន៍គរុកោសល្យ ខេត្តសៀមរាប។ ជ័យលាភីលេខ២ បេក្ខនារី សារី លីដា មកពីវិទ្យាល័យព្រះរាជបូជនីយកិច្ច ខេត្តស្ទឹងត្រែង និង ជ័យលាភីលេខ៣ បេក្ខនារី រិទ្ធិ លីដា មកពីសាលាបឋមសិក្សាវត្តរាជបូណ៌ ខេត្តសៀមរាប៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





