ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការងារលេខាធិការដ្ឋានរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល
AKP កណ្ដាល ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥-- បន្ទាប់ពីបានដំណើរការវគ្គបណ្ដុះបណ្ដាលអស់រយៈពេលមួយថ្ងៃពេញ ដោយបានស្តាប់បទបង្ហាញ និងសំណួរចម្លើយយ៉ាងផុសផុលរួចមក កាលពីរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោក គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល បានអញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលស្តីពីកិច្ចការលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល ។

ថ្លែងក្នុងពិធីបិទនោះ លោក គ្រុយ ម៉ាឡែន បានចាត់ទុកវគ្គបណ្តុះបណ្តាលនេះគឺជាការផ្តល់នូវធាតុចូលដ៏ចាំបាច់មួយ ដើម្បីជួយពង្រឹងសមត្ថភាពបន្ថែមទៀតដល់អាជ្ញាធរក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធ សំដៅលើកកម្ពស់ការអនុវត្តការងារលេខាធិការដ្ឋានរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល ប្រកបដោយប្រសិទ្ធភាព និងចក្ខុវិស័យខ្ពស់ តាមរយៈការយកនូវចំណេះ និងជំនាញចាំបាច់ ដែលទទួលបានមកពីវគ្គបណ្ដុះបណ្ដាលខាងលើមកអនុវត្តនៅមូលដ្ឋានរបស់ខ្លួន។

លោកអភិបាលរងខេត្តបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលោក លោកស្រីគណៈគ្រប់គ្រងវគ្គ គ្រូឧទ្ទេស ព្រមទាំងលោក លោកស្រីជាសិក្ខាកាមទាំងអស់ ដែលបានចំណាយពេលវេលាដ៏មមាញឹក និងមានតម្លៃរបស់ខ្លួន ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ក្នុងវគ្គបណ្តុះបណ្តាល ដ៏មានសារៈសំខាន់នេះតាំងពីពេលចាប់ផ្ដើមរហូតដល់បិទបញ្ចប់វគ្គប្រកបដោយលទ្ធផលជាផ្លែផ្កា ទៅតាមផែនការគ្រោងទុក ដែលពិតជាបានបង្ហាញអំពីឆន្ទៈខ្ពស់ក្នុងការអភិវឌ្ឍសមត្ថភាពរបស់មន្ត្រី ដើម្បីបំពេញការងាររបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។ សិក្ខាកាមទាំងអស់ ត្រូវយកចំណេះដឹង និងបទពិសោធន៍ដែលបានមកពីវគ្គបណ្ដុះបណ្ដាលទៅអនុវត្តជាក់ស្ដែង នៅមូលដ្ឋានរបស់ខ្លួន ការងារសំខាន់គឺត្រូវខិតខំបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ និងយកចិត្តទុកដាក់ក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

សូមបញ្ជាក់ថា ក្នុងវគ្គបណ្ដុះបណ្ដាលខាងលើនេះ សិក្ខាកាមទាំងអស់បានសិក្សាអំពីមេរៀនសរុបចំនួន៦ជំពូក រួមមាន ជំពូកទី១. អំពីក្រុមការងារចុះមូលដ្ឋាន ទី២. អំពីលេខាធិការដ្ឋាន ទី៣. ការរៀបចំវេទិកាសាធារណៈ ទី៤. ការត្រៀមកិច្ចប្រជុំ ទី៥. ការរៀបចំរបាយការណ៍ និងទី៦. គំរូសេចក្តីសម្រេចនានា៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





