សន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជាលើកទី១
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥--
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជាលើកទី១ ក្រោមប្រធានបទ «មាគ៌ាកម្ពុជាឆ្ពោះទៅកាន់ការអប់រំឌីជីថល» នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជាលើកទី១នេះ ធ្វើឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ការអប់រំឌីជីថលនៅកម្ពុជា ផ្សព្វផ្សាយអំពីយុទ្ធសាស្រ្តអប់រំឌីជីថលសម្រាប់សាលារៀន ផ្ដល់ឱកាសដល់គ្រប់ភាគីពាក់ព័ន្ធដើម្បីពិភាក្សា ចែករំលែកចំណេះដឹង និងឧត្ដមានុវត្តន៍បច្ចេកវិទ្យាអប់រំ ការប្រមូលធាតុចូលសម្រាប់ការអភិវឌ្ឍក្របខ័ណ្ឌបច្ចេកវិទ្យាអប់រំ និងក្របខ័ណ្ឌសាលារៀនឌីជីថលកម្ពុជា និងមានការតាំងពិព័រណ៍បច្ចេកវិទ្យាអប់រំពីវិស័យសាធារណៈ និងឯកជនជាង៥០ស្ថាប័នផងដែរ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងយកចិត្តទុកដាក់ធ្វើបរិវត្តកម្មការអប់រំនៅកម្ពុជា ដើម្បីជំរុញការរៀន និងបង្រៀនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឈានទៅលើកកម្ពស់ការអប់រំ និងអភិបាលកិច្ចសាលារៀនប្រកបដោយសក្តានុពល និងផលិតភាពខ្ពស់ ឆ្លើយតបទៅនឹងអាទិភាពកំណែទម្រង់មួយក្នុងចំណោមអាទិភាពកំណែទម្រង់ទាំង ៨ចំណុច ដែលក្រសួងអប់រំ យុវជន និងកីឡាបានដាក់ចេញសម្រាប់ឆ្នាំ២០២៣ ដល់ ឆ្នាំ២០២៨ ស្តីពី “ការអប់រំឌីជីថល” ក៏ដូចជាឆ្លើយតបទៅនឹងក្របខណ្ឌគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២២-២០៣៥ ដែលត្រូវបានអនុម័ត និងដាក់ឱ្យអនុវត្តកាលពីឆ្នាំ២០២១ កន្លងទៅ សំដៅជំរុញកំណើនផលិតភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច ឆ្ពោះទៅកសាងសង្គមមួយប្រកបដោយភាពស៊ីវិល័យ និងពលរដ្ឋឌីជីថល ដែលទទួលបាននូវការប្រើប្រាស់សេវាកម្មឌីជីថលប្រកបដោយបរិយាបន្ន ជំនឿទុកចិត្ត និងសុវត្ថិភាពខ្ពស់។

ឯកឧត្តមបានបន្ថែមថា ក្រសួងក៏បានរៀបចំយុទ្ធសាស្ត្រជំរុញការអប់រំឌីជីថល ដោយបានគ្របដណ្តប់គ្រប់សមាសភាពសំខាន់ៗនៅកម្រិតសាលារៀន ដូចជា ១. សាលារៀនមានបរិយាកាសអំណោយផលសម្រាប់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។ ២. គ្រូបង្រៀន និងអ្នកអប់រំមានតួនាទីជាអ្នកលើកទឹកចិត្ត និងជាអ្នកដឹកនាំ ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។ ៣. នាយកសាលាជាអ្នកដឹកនាំមានចក្ខុវិស័យ និងជាអ្នកដោះស្រាយបញ្ហានៅកម្រិតសាលារៀនដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និង ៤. កម្មវិធីសិក្សាគាំទ្រដល់ការអប់រំឌីជីថល និងវិធីសាស្ត្របង្រៀនគាំទ្រដល់ការអប់រំឌីជីថល ហើយថាការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) អាចជួយគាំទ្រដល់អ្នកសិក្សាឱ្យសម្រេចបានគោលដៅនៃការអប់រំ ជួយដល់គ្រូបង្រៀនក្នុងការរៀបចំកិច្ចតែងការបង្រៀន និងធ្វើការរង្វាយតម្លៃលើកិច្ចការសិស្ស ជាពិសេសទៅលើលទ្ធផលនៃការសិក្សាដោយចំណាយពេលវេលាតិច។

បន្ថែមពីនេះទៀត AI ក៏ជួយដល់គ្រូបង្រៀនអាចស្វែងរកព័ត៌មាន ការសរសេរអត្ថបទ ការឆ្លើយសំណួរ ការបង្កើតសំណើ ការបង្កើតមេរៀន សំណួរ និងចម្លើយពេលប្រឡង កិច្ចតែងការ វីដេអូបង្រៀន ផលិតរូបភាពដើម្បីប្រើប្រាស់ក្នុងការបង្រៀន និងល្បែងសិក្សាជាដើម។ តែដើម្បីប្រើប្រាស់បច្ចេកវិទ្យានេះប្រកបដោយប្រសិទ្ធភាព ទាមទារឱ្យបុគ្គលិកអប់រំ គ្រូបង្រៀន សិស្សានុសិស្សបន្តអភិវឌ្ឍសមត្ថភាព ចំណេះដឹង និងការរៀនសូត្រជាប្រចាំដើម្បីឆ្លើយតបនឹងការវិវត្តឥតឈប់ឈរនេះ៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





