នាវាកងទ័ពជើងទឹកឥណ្ឌាចាកចេញពីដែនទឹកនៃព្រះរាជាណាចក្រកម្ពុជាហើយ
AKP ព្រះសីហនុ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥--
នាវាកងទ័ពជើងទឹកឥណ្ឌាចំនួនពីរគ្រឿងបានចាកចេញពីដែនទឹកនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ បន្ទាប់ពីបានចូលចតធ្វើទស្សនកិច្ចនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុរយ:ពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥រួចមក ដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងកងទ័ពជើងទឹកទាំងពីរនៃប្រទេសទាំងពីរ ដោយមានការជូនដំណើរពីនាយនាវី នាយនាវីរងមូលដ្ឋានសមុទ្ររាម ដឹកនាំដោយលោកវរនាវីឯក មាន សាវឿន មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

លោក វរនាវីឯក អានស៊ុល ឃីសរ (ANSHOL KISHORE) នាយទាហានជាន់ខ្ពស់ ក្រុមនាវិកហ្វិហ្វឺនទី១ និងមេបញ្ជការដឹកនាំនាវាកងទ័ពជើងទឹកឥណ្ឌាទាំងពីរគ្រឿង បានថ្លែងអំណរគុណដល់នាយ នាយនាវីកងទ័ពជើងទឹកកម្ពុជា ដែលបានជួយសម្របសម្រួលសហការដំណើរចូលចតរបស់នាវា INS Sujata និងនាវា ICGS VEERA និងនាវិកកង ទ័ពជើងទឹកឥណ្ឌានៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ពិសេសដំណើរទស្សនកិច្ចនៅខេត្តព្រះសីហនុ។ ការចូលចតរបស់នាវាកងទ័ពជើងទឹកឥណ្ឌានាពេលនេះ មានគោល បំណងចម្បងក្នុងការផ្តល់ការបណ្តុះបណ្តាលដល់មន្ត្រីវ័យក្មេងក្នុងផ្នែក Seamanship, Navigation, Ship Handling, Boat Work, Engineering and Sail Training ហើយអាចឱ្យពួកគេទទួលបាន "ជើងសមុទ្រ" របស់ពួកគេ។ ទន្ទឹមនឹងនេះ លោកវរនាវីឯកបានបញ្ជាក់ថា បច្ចុប្បន្ននេះ យើងមានវគ្គបណ្តុះបណ្តាលមន្ត្រីរួមបញ្ចូលគ្នា IOTC លើកទី១០៨ ដែលមានសិក្ខាកាមតាមសមុទ្រ ចំនួន ១២០នាក់។ យើងក៏មានមោទនភាពយ៉ាងខ្លាំងក្នុងការបណ្តុះបណ្តាលមន្ត្រីមកពីប្រទេសជាមិត្តនឹងបរទេស។ ហើយកម្ពុជាគឺជាដៃគូដ៏សំខាន់របស់ឥណ្ឌាក្នុងចំណោមប្រជាជាតិអាស៊ាន ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រជាជាតិទាំងពីរ។

សូមជម្រាបជូនថា ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា គណ:ប្រតិភូនាវាកងទ័ពជើងទឹកឥណ្ឌា បានចួលជូបសម្តែងការគួសមជាមួយរដ្ឋបាលខេត្តព្រះសីហនុ មេបញ្ជាការមូលដ្ឋានសមុទ្រ ជួបថ្នាក់ដឹកនាំក្រសួងការពារជាតិ មានកម្មវិធីហ្វឹកហ្វឺនបណ្តុះបណ្តាលរួមគ្នាលើនាវាកងទ័ពជើងទឹកឥណ្ឌា និងកម្មវិធីឡេងកីឡាបាល់ទះលើឆ្នេរខ្សាច់មិត្តភាពរវាងកងទ័ពជើងទឹកប្រទេសទាំងពីរផងដែរ។ លក្ខណៈបច្ចេកទេសនាវា៖ នាវាទី១. INS SUJATA លេខP៥៦ ប្រភេទ OPV មានបណ្តោយ ១០២ម៉ែត្រ ទទឹង ១១.៥ម៉ែត្រ មានជម្រៅទឹក ៥ម៉ែត្រ និងមានទម្ងន់ផ្ទុក ២២៦០តោន និងនាវាទី២ ICGS VEERA លេខ៣៥ ប្រភេទ OPV មានបណ្តោយ ៩៩ម៉ែត្រ ទទឹង ១៤.៩ម៉ែត្រ ជម្រៅទឹក ៤.៧ម៉ែត្រមាន និងទម្ងន់ផ្ទុក ៣.០០០តោន៕

ដោយ ងូ សុមុនី





