ឯកឧត្តម ឈា ប៊ុនរិទ្ធ ណែនាំដល់លោកនាយកសាលាត្រូវអភិវឌ្ឍសាលារៀនអមដោយរុក្ខជាតិពណ៌បៃតង
AKP កំពង់ធំ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥--
ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំ និងជាប្រធានក្រុមការងារចូលមូលដ្ឋានឃុំម្សាក្រង បានណែនាំដល់លោកនាយកសាលាត្រូវអភិវឌ្ឍន៍សាលារៀនអមដោយរុក្ខជាតិពណ៌បៃតង ក្នុងឱកាសអញ្ជើញជាតំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោកជំទាវ ទូច ម៉ាលិស ព្រមទាំងសហការី និងលោកអភិបាលស្រុកស្ទោង ក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គី និងសំណេះសំណាលជាមួយពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅសាលាបឋមសិក្សាសំប៉ានស្ថិតនៅក្នុងភូមិសុំប៉ាន ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឯកឧត្តម ឈា ប៊ុនរិទ្ធ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ដែលឯកឧត្តមតែងតែនឹករលឹក និងគិតគូរយកចិត្តទុកដាក់ខ្ពស់បំផុតដល់សុខទុក្ខ សុខុមាលភាព ពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងស្រុកស្ទោង និងបានចូលរួមអភិវឌ្ឍស្រុកស្ទោងនូវប្រព័ន្ធធារាសាស្រ្ត និងហេដ្ឋារចនាសម្ព័ន្ធគ្រប់វិស័យ និងបានអបអរសាទរជាមួយសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ដែលមានឱកាសពេញលេញក្នុងការសិក្សារៀនសូត្រក្រោមម្លប់សន្តិភាពដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា តស៊ូរំដោះជាតិមាតុភូមិ និងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលរក្សាបាននូវសុខសន្តិភាពរហូតមកដល់ពេលបច្ចុប្បន្ន ព្រមទាំងបានអំពាវឱ្យដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាសុខសន្តិភាពនេះឱ្យបានជានិរន្តរ៍ទោះក្នុងតម្លៃណាក៏ដោយ។

ទន្ទឹមនឹងនេះ ឯកឧត្តមបានណែនាំដល់លោកនាយក លោកគ្រូ អ្នកគ្រូ និងគណៈកម្មការទ្រទ្រង់សាលា ត្រូវប្រើប្រាស់ថវិកាដែលបានមកពីការធ្វើបុណ្យផ្កាប្រាក់សាមគ្គីនៅក្នុងពេលនេះដោយតម្លាភាព ចំគោលដៅ និងមានប្រសិទ្ធភាព តាមផែនការសកម្មភាព និងចក្ខុវិស័យ របស់សាលារៀនមានការអភិវឌ្ឍន៍លឿនហើយទទួលបាននូវការជឿទុកចិត្តពីគ្រប់ភាគីពាក់ព័ន្ធនិងសហគមន៍ទាំងមូល។ ជាមួយគ្នានេះផងដែលលោកគ្រូ អ្នកគ្រូនិងគណៈកម្មការ សាលាបឋមសិក្សាសុំប៉ាន និងសាលាបឋមសិក្សាស្ពឺ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តម ថោ ជេដ្ឋា និងក្រុមការងារចុះមូលដ្ឋានម្សាក្រង ដែល មានវត្តមាននៅពេលនេះនឹងបានចូលរួមថវិកាសម្រាប់អភិវឌ្ឍសាលារៀនឱ្យមានការរីកចម្រើនជាលំដាប់។

សូមបញ្ជាក់ថា នៅក្នុងឱកាសនោះក្រុមការងារបាននាំយកថវិកាឯកឧត្តម ថោ ជេដ្ឋា ចំនួន៣២ ៣៤០ ០០០ រៀល និងថវិកាសប្បុរសជនជាង១៤លានរៀល ដែលក្នុងនោះសម្រាប់បឋមសិក្សាសំប៉ាន ទទួលបាន ជាង៣៦លានរៀល និង១២លានរៀល សម្រាប់សាលាបឋមសិក្សាស្ពឺ នៃឃុំម្សាក្រងនិងបានប្រគេនបច្ច័យដល់វត្តស្ពឺជើង និងវត្តស្ពឺត្បូងក្នុង១វត្ត ១១០០០០០រៀល ហើយបានចែកទានដល់លោកតា លោកយាយ នៅក្នុងកម្មវិធីបុណ្យនេះចំនួន៤០នាក់ក្នុងម្នាក់ៗទទួលបានសារុង១ និងថវិកា២ម៉ឺនរៀលដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ថោ ជេដ្ឋា៕
ដោយ ស៊ុម វណ្ណា





