វេទិកាអនាគតអន្តរជាតិឆ្នាំ២០២៥ស្តីពីចីរភាពប្រព័ន្ធស្បៀងអាហារ និងអាហារូបត្ថម្ភសម្រាប់អនាគត
AKP សៀមរាប ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥--
ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ (ក.ក.ជ) ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ថានទូតអាល្លឺម៉ង់នៅទីក្រុងភ្នំពេញនិងសហភាពអឺរ៉ុប (EU) នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានរៀបចំវេទិកាអនាគតអន្តរជាតិឆ្នាំ២០២៥ ស្តីពីចីរភាពប្រព័ន្ធស្បៀងអាហារ និងអាហារូបត្ថម្ភសម្រាប់អនាគត ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងកំណត់ដំណាក់កាលនៃការផ្លាស់ប្តូរបរិវត្តកម្មឆ្ពោះទៅរកប្រព័ន្ធអាហារដែលគិតគូរពីអាកាសធាតុ មានសុខភាព និងនិរន្តរភាព។ វេទិកានេះបានប្រមូលផ្តុំមេដឹកនាំរដ្ឋាភិបាល ភាគីពាក់ព័ន្ធអន្តរជាតិ សង្គមស៊ីវិល និងក្រុមហ៊ុនឯកជនមកពីបណ្តាប្រទេសអាស៊ី និងអាហ្វ្រិក ដើម្បីបង្កើតដំណោះស្រាយសម្រាប់បញ្ហាប្រឈមទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។

សន្តិសុខស្បៀង និងអាហារូបត្ថម្ភ មានសារៈសំខាន់ចំពោះសុខភាពមនុស្ស សេដ្ឋកិច្ច និងស្ថិរភាពសង្គម ជាពិសេសនៅតំបន់ដែលប្រជាជនអាស្រ័យទៅលើការងារកសិកម្មសម្រាប់ការចិញ្ចឹមជីវិតប្រចាំថ្ងៃ។ ផលិតកម្មស្រូវគឺជាមូលដ្នានដែលធានានូវនិរន្តភាព និងវិធីសាស្រ្តថ្មីៗសម្រាប់ធានាឱ្យបាននូវភាពធន់របស់ប្រព័ន្ធស្បៀង។ អង្ករជាអាហារចម្បងសម្រាប់មនុស្សជាង ៣៥០០ លាននាក់ នៅទូទាំងពិភពលោក និងជាប្រភពដ៏សំខាន់សម្រាប់តំបន់ទូទាំងអាស៊ី និងអាហ្រ្វិក ព្រមទាំងដើរតួនាទីយ៉ាងសំខាន់នៅក្នុងប្រព័ន្ធស្បៀង។ អង្ករ និងអាហារចម្បងទាំងនេះបានចូលរួមផ្តល់នូវសារជាតិចិញ្ចឹម ២០% នៃចំនួនកាឡូរី ទៅដល់អ្នកបរិភោគទូរទាំងពិភពលោក។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា នៅកម្ពុជា កសិកម្មគឺជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចរបស់កម្ពុជា ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខស្បៀង បង្កើតការងារ បង្កើតប្រាក់ចំណូល និងផលិតទំនិញនាំចេញសម្រាប់ទីផ្សារអន្តរជាតិ។ ដើម្បីពន្លឿនការអភិវឌ្ឍរបស់ខ្លួន ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងដៃគូអភិវឌ្ឍន៍របស់រដ្ឋាភិបាល និងវិស័យឯកជនគឺចាំបាច់ណាស់។ ស្ថិរភាពតម្លៃក្នុងវិស័យកសិកម្មមិនគ្រាន់តែជាគោលដៅសេដ្ឋកិច្ចប៉ុណ្ណោះទេ។ វាជាខ្សែជីវិតសម្រាប់កសិកររាប់លាននាក់ដែលពឹងផ្អែកលើកសិកម្មសម្រាប់ចិញ្ចឹមជីវិតរបស់ពួកគេ។ ការប្រែប្រួលនៃទីផ្សារពិភពលោក រួមជាមួយនឹងការកើនឡើងថ្លៃដើមផលិតកម្ម និងភាពមិនច្បាស់លាស់នៃអាកាសធាតុ ទាមទារដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត។ ហើយសម្រាប់ប្រទេសកម្ពុជាបានប្តេជ្ញាចិត្ត ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនេះ ជាផ្នែកមួយ នៃការរួមចំណែកកំណត់ជាតិរបស់យើង (NDCs) ដែលមានគោលបំណងកាត់បន្ថយការបំភាយឧស្ម័នកសិកម្មចំនួន៣៤.៤% នៅឆ្នាំ២០៣០។

បម្រែបម្រួលអាកាសធាតុនេះបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់តំបន់អាស៊ីអាគ្នេយ៍ ព្រមទាំងដល់ការទទួលបានអាហារូបត្ថម្ភរបស់ប្រជាជន ជាពិសេសសម្រាប់កុមារ និងប្រជាជនដែលងាយរងគ្រោះ បណ្តាលឱ្យមានបញ្ហាកង្វះអាហារូបត្ថម្ភ និងក្រេសក្រិនកាន់តែធ្ងន់ធ្ងរដែលកើតមានរួចទៅហើយនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនផងដែរ៕
ដោយ ឃុត សៅ





