ក្រុមហ៊ុន THACO AGRI មកពីប្រទេសវៀតណាមកំពុងសកម្មក្នុងការដាំដុះ និងនាំចេញចេកទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារប្រទេសចិន និងប្រទេសជប៉ុន
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥-- ក្រុមហ៊ុន THACO AGRI មកពីប្រទេសវៀតណាម ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាលកម្ពុជាប្រមាណជាង១០.០០០ហិកតានៅស្រុកស្នួល ខេត្តក្រចេះ សម្រាប់រយៈពេល៥០ឆ្នាំ បានបង្កើតជាតំបន់ពហុកសិកម្មមួយដែលមានឈ្មោះថា តំបន់ពហុកសិកម្មស្នួលសម្រាប់ការចិញ្ចឹមសត្វ និងដាំដំណាំផ្សេងៗ ក្នុងនោះក៏មានផងដែរនូវដំណាំចេកចេកអំបូង ដើម្បីធ្វើការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារប្រទេសចិន និងប្រទេសជប៉ុន ហើយក៏កំពុងតែសម្លឹងមើលទៅទីផ្សាអឺរ៉ុបសម្រាប់ការនាំចេញនេះថែមទៀតផង។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានប្រមាណជាង៥០នាក់ មកពីជាង២០ស្ថាប័ន ដែលបានចុះសិក្សាស្វែងយល់ដោយផ្ទាល់នៅតំបន់ពហុកសិកម្មស្នួល ក្រោមការរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ង្វៀន ង៉ុកអាន់ ទុយ អគ្គនាយករងក្រុមហ៊ុន THACO AGRI ទទួលបន្ទុកកិច្ចការប្រចាំតំបន់ពហុកសិកម្មស្នួលបានឱ្យដឹងថា ក្នុងចំណោមផ្ទៃដីសម្បទានសេដ្ឋកិច្ចប្រមាណជាង១០.០០០ហិកតានៅស្រុកស្នួល ខេត្តក្រចេះ ដែលក្រុមហ៊ុនរបស់លោកទទួលបានពីរាជរដ្ឋាភិបាលកម្ពុជានោះ គឺមានផ្ទៃប្រមាណជិត៥០០០ហិកតា ត្រូវបានដាំដំណាំចេកសម្រាប់បម្រើការនាំចេញទៅកាន់ទីផ្សារអន្តរជាតិមានទីផ្សារប្រទេសចិន និងប្រទេសជប៉ុនជាដើម ហើយថា THACO AGRI កំពុងវិនិយោគលើការអភិវឌ្ឍកសិកម្មទ្រង់ទ្រាយធំនៅតំបន់ពហុកសិកម្មស្នួលនេះ តាមរយៈក្រុមហ៊ុនចំនួន៣ផ្សេងៗគ្នា។

លោក ង្វៀន ង៉ុកអាន់ ទុយ បានគូសបញ្ជាក់ថា THACO AGRI មានចក្ខុវិស័យក្លាយជាសាជីវកម្មកសិកម្មឈានមុខគេក្នុងតំបន់អាស៊ាននៅឆ្នាំ២០២៥នេះ និងបានដាក់ចេញនូវយុទ្ធសាស្ត្រស្នូលវិនិយោគលើផលិតកម្មកសិកម្មដាំដុះ និងចិញ្ចឹមសត្វទ្រង់ទ្រាយធំ គ្រប់គ្រងតាមវិធីសាស្រ្តឧស្សាហកម្ម អនុវត្តឯកទេសជីវវិទ្យា និងឌីជីថលតាមដំណាក់កាលសមស្រប គ្រប់គ្រងតាមខ្សែសង្វាក់នៃតម្លៃទៅកាន់ទីផ្សារនាំចេញជាមួយនឹងផលិតផលស្រស់ និងកែច្នៃ។

ក្នុងឱកាសនេះ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តក្នុងការមកវិនិយោគលើវិស័យកសិកម្មនៅប្រទេសកម្ពុជារបស់ក្រុមហ៊ុន THACO AGRI ប្រទេសវៀតណាម ដែលបានផ្តល់ឱកាសការងារជូនពលរដ្ឋកម្ពុជារាប់ពាន់នាក់ ហើយតាមរបាយការណ៍បានឱ្យដឹង ថា ដើម្បីឆ្លើយតបទៅនឹងទំហំការងារនៅក្នុងតំបន់ពហុកសិកម្មស្នួល ដែលមានទាំងការចិញ្ចឹមគោ ការ ដាំដំណាំទុរេន ជាពិសេសគឺដំណាំចេកផងនោះក្រុមហ៊ុននឹងជ្រើសកម្មករប្រមាណជាង ១៤០០០នាក់ បន្ថែមទៀត ដែលនេះគឺជាការផ្តល់ឱកាសការងារនៅក្នុងស្រុកជូនពលរដ្ឋកម្ពុជា ហើយបើតាមការអះ អាងរបស់លោក ង្វៀន ង៉ុកអាន់ ទុយ ថា ចំពោះបុគ្គលិក និងកម្មករនៅទីនេះមានជាង ៩០ភាគរយគឺជា ជនជាតិខ្មែរ ដែលពួកគាត់ទទួលបានប្រាក់កម្រៃប្រចាំខែសមរម្យ មានកន្លែងស្នាក់នៅ រួមទាំងការផ្តល់ អាហារបីពេលក្នុងមួយថ្ងៃជូនដល់ពួកគាត់ និងមានសាលាមត្តេយ្យសម្រាប់កូនចៅពួកគាត់បានសិក្សា រៀនសូត្រនៅក្នុងតំបន់ពហុកសិកម្មស្នួលនេះផងដែរ៕
ដោយ៖ ចាន់ សុភឿន





