រដ្ឋបាលព្រៃឈើ និងអង្គការ AFoCO បើកវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងភ្លើងឆេះព្រៃដោយផ្អែកលើបច្ចេកវិទ្យាព័ត៌មាន
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥-- រដ្ឋបាលព្រៃឈើ និងលេខាធិការដ្ឋានអង្គការ AFoCO បានសហការគ្នារៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការគ្រប់គ្រងភ្លើងឆេះព្រៃដោយផ្អែកលើបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍” ដល់មន្រ្តីរដ្ឋបាលព្រៃឈើ ដែលបានប្រព្រឹត្តទៅកាលពីចុងសប្តាហ៍កន្លងទៅ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិស័យព្រៃឈើ និងសត្វព្រៃ។

មន្ត្រីរដ្ឋបាលព្រៃឈើបានឱ្យដឹងនៅល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ថា វគ្គបណ្តុះបណ្តាលនេះមានគោលបំណងបំពាក់បំប៉ន និងផ្តល់នូវចំណេះដឹងលើការគ្រប់គ្រងភ្លើងឆេះព្រៃជាយុទ្ធសាស្រ្តសម្រាប់អ្នកគ្រប់គ្រង និងសម្រេចចិត្តនៅទីស្នាក់ការកណ្ដាល និងបង្ហាត់បង្ហាញអំពីដំណើរការនៃការប្រើប្រាស់នូវកម្មវិធីប្រព័ន្ធគ្រប់គ្រងភ្លើងឆេះព្រៃ រៀបចំអភិវឌ្ឍឡើងដោយយកតាមបទពិសោធន៍ដែលបាន និងកំពុងអនុវត្តនៅសាធារណរដ្ឋកូរ៉េ។

វគ្គបណ្តុះបណ្តាលនេះជាសកម្មភាពមួយនៃការអនុវត្តគម្រោងថ្នាក់តំបន់ ស្តីពី “បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ សម្រាប់បន្សុំាទៅនឹងការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងភ្លើងឆេះព្រៃនៅតំបន់ទន្លេមេគង្គ” ដែលទទួលបានការគាំទ្រថវិកាដោយមូលនិធិសហប្រតិបត្តិការមេគង្គ-កូរ៉េ ៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលព្រៃឈើ)





