លោកជំទាវ ពុំ ចន្ទីនី អញ្ជើញបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលវិជ្ជាសង្គ្រោះបឋមនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥--
លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងឯកឧត្តមបណ្ឌិត លុយ ចណ្ណា សាកលវិទ្យាធិការ និងជាប្រធានកិត្តិយសក្លឹបយុវជនកាកបាទក្រហមកម្ពុជាប្រចាំសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានអញ្ជើញជាធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលវិជ្ជាសង្គ្រោះបឋមដល់យុវជនកាកបាទក្រហមកម្ពុជាចំនួន២៥នាក់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច កាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត លុយ ចណ្ណា បានមានប្រសាសន៍ថា នេះជាកិត្តិយសណាស់ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្រ្តីជំនាញផ្នែកវិជ្ជាសង្គ្រោះបឋម បើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលវិជ្ជាសង្គ្រោះបឋម ជូនយុវជនចំនួន២៥នាក់ (ស្រី១៦នាក់) នៅក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត ឱ្យចេះដឹងនៅជំនាញដ៏មានសារសំខាន់មួយនេះដើម្បីសង្គ្រោះអាយុជីវិត។ មានប្រសាសន៍បិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលវិជ្ជាសង្គ្រោះបឋមនោះ លោកជំទាវ ពុំ ចន្ទីនី បានឱ្យដឹងថា នេះជាលើកទី១ បន្ទាប់ពីអនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន និងអនុសាសន៍របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា ដោយកន្លងមកបានពិនិត្យឃើញថានៅតាមបណ្តាសាខា និងគ្រឹះស្ថានឧត្តមសិក្សាទាំង២៥ ក្នុងរាជធានីភ្នំពេញ នៅខ្វះគ្រូបង្គោលវិជ្ជាសង្គ្រោះបឋម ទើបសម្តេចប្រធាន និងលោកជំទាវបណ្ឌិតអនុប្រធានអចិន្ត្រៃយ៍ ស្នើឱ្យមានការបង្រៀនវិជ្ជាសង្គ្រោះបឋមនេះឡើង នៅតាមគ្រឹះស្ថានឧត្តមសិក្សាទាំង២៥ ក្នុងរាជធានីភ្នំពេញ និងសាខាទាំងអស់ ទៅតាមពេលវេលាសមស្របណាមួយ។

លោកជំទាវអគ្គលេខាធិការ បានបញ្ជាក់បន្ថែមថា ការរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមទៅដល់គ្រូបង្គោលនេះ គឺពិតជាមានសារៈសំខាន់ដើម្បីជួយលើកកម្ពស់សុខភាពសាធារណៈ។ ជាពិសេសបង្កើនការយល់ដឹងអំពីការសង្គ្រោះបឋម ត្រៀមលក្ខណៈ សង្គ្រោះបន្ទាន់ដល់ជនរងគ្រោះ បានភ្លាមៗមុនពេលបញ្ជូនទៅមន្ទីរពេទ្យ និងបានផ្តាំផ្ញើចំពោះក្មួយៗដែលបានទទួលវគ្គបណ្តុះបណ្តាលថ្ងៃនេះ សូមយកទៅផ្សព្វផ្សាយបន្ត និងអនុវត្តឱ្យបានជាប់ជាប្រចាំ ដើម្បីក្លាយជាភ្នាក់ងារសង្គ្រោះបឋមម្នាក់៕

ដោយ ៖ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





