រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងស្ដីពីការបិទផ្លូវ៥៩៨ ចំណុចប្រឡាយអូរវែង សង្កាត់ស្វាយប៉ាកជាបណ្តោះ អាសន្ន ដើម្បីសាងសង់លូប្រអប់រំដោះទឹកនៅរដូវវស្សា
AKP ភ្នំពេញ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥-- រដ្ឋបាលរាជធានីភ្នំពេញបានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ដែលធ្វើដំណើរឆ្លងកាត់តាមបណ្តោយផ្លូវលេខ៥៩៨ ស្ថិតក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធា នីភ្នំពេញ ថា រដ្ឋបាលរាជធានីភ្នំពេញ បាន និងកំពុងអនុវត្តគម្រោងផែនការ វិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក សម្រាប់បញ្ចៀសការជន់លិចដោយទឹកភ្លៀង ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ក្នុងនោះគម្រោងសាងសង់ពង្រីកបន្ថែមដោយដាក់លូប្រអប់ ទំហំ ៤ម៉ែត្រx៣ម៉ែត្រ សងខាងលូប្រអប់ចាស់ ឆ្លងកាត់ចំណុចប្រសព្វរវាងផ្លូវលេខ៥៩៨ និងប្រឡាយអូរវែង ស្ថិតក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ដើម្បីដំណើរការគម្រោងនេះបាន រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបិទផ្លូវចំណុចខាងលើជាបណ្តោះអាសន្ន ដោយបិទម្ខាង និងបើកម្ខាង ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង៨៖០០ នាទីព្រឹក រហូតដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៧៖០០នាទីល្ងាច។
អាស្រ័យហេតុនេះ សាធារណជនទាំងអស់ និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមផ្លូវខាងលើ សូមយោគយល់អធ្យាស្រ័យចំពោះការរំខានដល់ការធ្វើចរាចរណ៍ឆ្លងកាត់ការដ្ឋាន និងផលប៉ះពាល់ផ្សេងៗ ដែលអាចកើតមានឡើង និងមេត្តាពង្វាងចរាចរណ៍ចេញពីទីតាំងខាងលើ ទៅតាមផែនទីពង្វាងចរាចរណ៍ ដែលបានជូនភ្ជាប់មកជាមួយ ដើម្បីសម្រួលឱ្យការអនុវត្តគម្រោងសម្រេចបានតាមផែនការកំណត់។
ទន្ទឹមនឹងនេះ បន្ទាប់ពីទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌឫស្សីកែវ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវសហការអនុវត្ត និងសម្របសម្រួលសណ្តាប់ធ្នាប់ចរាចរណ៍ លើកំណាត់ផ្លូវខាងលើនេះឱ្យទទួលបានលទ្ធផលល្អ និងមានប្រសិទ្ធភាពខ្ពស់៕




ដោយ សួស សំរិត





