ពិធីបុណ្យមាឃបូជានៅវត្តមុនីរង្សីរតនារាម (ម្រុំខាងជើង) ក្រុងច្បារមន
AKP កំពង់ស្ពឺ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥-- លោក យឹម ណន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ស្ពឺ បានដឹកនាំមន្ត្រីជាការមន្ទីរកសិកម្មខេត្ត ចូលរួមពិធីរាប់បាត្របុណ្យមាឃបូជា ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ នៅវត្តមុនីរង្សីរតនារាម (មុំខាងជើង) ស្ថិតនៅភូមិទួលគត សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយមានភ្ជាប់មកជាមួយនូវគ្រឿងសក្ការបូជា ទៀន ធូប ផ្កា ចង្ហាន់ ឬម្ហូបខ្ចប់ជាកញ្ចប់ សម្រាប់រាប់បាត្រប្រគេនព្រះសង្ឃចំនួន ៣០០អង្គ។

សូមរម្លឹកផងដែរថាពិធីបុណ្យមាឃបូជា គឺជាពិធីបុណ្យដ៏សំខាន់មួយនៅក្នុងព្រះពុទ្ធសាសនា។ ពិធីនេះ ត្រូវបានប្រារព្ធឡើងដើម្បីរំលឹកដល់ថៃ្ងដែល ព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងក្នុងលោក នៅប្រទេសឥណ្ឌាកាលពី ៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ង១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់។ ការប្រារព្ធពិធីបុណ្យ មាឃបូជា នេះឡើងគឺដើម្បីប្រារព្ធនូវព្រឹត្តិការណ៍ធំៗ៣គឺ៖ ដើម្បីប្រារព្ធនូវការធ្វើចតុរង្គសន្និបាតប្រកបដោយអង្គបួន ដើម្បីប្រារព្ធថ្ងៃដែលព្រះអង្គទ្រង់សម្តែងឱវាទបាតិមោក្ខ និងដើម្បីប្រារព្ធថ្ងៃដែលព្រះអង្គទ្រង់ដាក់អាយុសង្ខារ។


លោក យឹម ណន បានមានប្រសាសន៍ថា សម្រាប់ឆ្នាំនេះ ពិធីបុណ្យមាឃបូជា ប្រព្រឹត្តទៅនៅថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធស័ករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះតែម្ដង នៅតាមទីវត្តអារាមមានរៀបចំគ្រឿងរណ្ដាប់ មានផ្កាភ្ញី ទៀន ធូប និងឮតែសំឡេងសូរស័ព្ទព្រះធម៌ ក្នុងការប្រារព្ធពិធីបុណ្យសាសនាមួយនេះ។


ជាមួយគ្នានេះដែរ លោកប្រធានមន្ទីរបានអំពាវនាវឱ្យពុទ្ធសាសនិកទាំងឡាយអញ្ជើញចូលរួមក្នុងពិធីបុណ្យមាឃបូជានេះ ដោយសទ្ធាជ្រះថ្លាររៀងៗខ្លួន៕
ដោយ លឹម សាន្ត





