ក្រសួងបរិស្ថានបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងប្រកាសអន្តរក្រសួងស្តីពីប្រាក់កម្រៃនៃមូលនិធិបរិស្ថាន និងសង្គម
AKP ភ្នំពេញ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥-- ឯកឧត្តម សាន វណ្ណទី រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងប្រកាសអន្តរក្រសួងស្តីពីប្រាក់កម្រៃនៃមូលនិធិបរិស្ថាន និងសង្គម នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានលើកឡើងថា តាមរយៈយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាល ព្រមទាំងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ក្រសួងបរិស្ថានបាន និងកំពុងអនុវត្តការងារកំណែទម្រង់ និងធ្វើសុក្រឹតកម្មបរិស្ថានកិច្ច ដោយសម្រេចបានការងារជាច្រើនក្នុងរយៈពេលជិត២ឆ្នាំកន្លង មកនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនិងការអភិវឌ្ឍរបស់សង្គម ក៏ដូចជាបរិការណ៍តំបន់ និងពិភពលោក សំដៅធានាសម្រេចបាននូវបេសកកម្មរបស់ខ្លួនគឺ៖ ភាពស្អាត ភាពបៃតង និងចីរភាព។ ក្នុងនោះក្រសួងបរិស្ថានបានប្រមូលមូលនិធិបរិស្ថាននិងសង្គម និងបានប្រើប្រាស់មូលនិធិបរិស្ថាននិងសង្គម ទៅលើកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី វប្បធម៌ ការចូលរួមការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់ជីវភាពសហគមន៍ ក៍ដូចជាប្រជាជន ដែលរស់នៅក្នុង និងក្បែរតំបន់គម្រោងវិនិយោគអភិវឌ្ឍន៍ ឬតំបន់ផ្សេងទៀត។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបន្តទៀតថា គណៈកម្មាធិការមូលនិធិបរិស្ថាន និងសង្គម បានកត់សម្គាល់ឃើញថា អស់រយៈពេលជាច្រើនឆ្នាំមកនេះ មូលនិធិបរិស្ថាន និងសង្គម បានចូលរួមចំណែក គាំទ្រគោលនយោបាយ យុទ្ធសាស្រ្ត និងផែនការសកម្មភាពបរិស្ថានជាតិជាច្រើន ក៏ប៉ុន្តែការប្រមូលមូលនិធិបរិស្ថាន និងសង្គម ពីម្ចាស់គម្រោងអភិវឌ្ឍន៍ឯកជននៅពុំទាន់គ្រប់ជ្រុងជ្រោយ និងពុំទាន់មានការពេញចិត្តពីម្ចាស់គម្រោង អភិវឌ្ឍន៍ឯកជននៅឡើយទេ ដោយសារតែមូលនិធិបរិស្ថាន និងសង្គមនេះ នៅពុំទាន់មានលិខិតបទដ្ឋាន គតិយុត្តណាមួយកំណត់ពីប្រាក់កម្រៃឱ្យបានច្បាស់លាស់ ក្រៅតែពីការកំណត់ពីហេតុប៉ះពាល់បរិស្ថាន ដោយសារសកម្មភាពគម្រោងអភិវឌ្ឍន៍ ដែលមាននៅក្នុងរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន ឬកិច្ចសន្យារការពារបរិស្ថានរបស់ម្ចាស់គម្រោង៕

ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងបរិស្ថាន)





