អភិបាលស្រុកស្ទោងលើកទឹកចិត្តដល់រដ្ឋបាលឃុំទាំងអស់ត្រូវងាកមកធ្វើផ្លូវបេតុងជំនួសផ្លូវក្រាលគ្រួសក្រហម
AKP កំពង់ធំ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥-- លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានមានប្រសាសន៍លើកទឹកចិត្តដល់រដ្ឋបាលឃុំទាំងអស់ត្រូវងាកមកធ្វើផ្លូវបេតុងជំនួសផ្លូវក្រាលគ្រួសក្រហម ក្នុងឱកាសអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពសាងសង់ផ្លូវក្រាលគ្រួសក្រហមនៅក្នុងឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។

លោក សាយ គឹមឡម បានមានប្រសាសន៍ថា រដ្ឋបាលឃុំទាំងអស់ត្រូវតែមានភាពប្រាកដប្រជាក្នុងការប្រើប្រាស់ថវិកាមូលនិធិឃុំរបស់ខ្លួនឱ្យបានសមស្រប និងចំគោលដៅអាទិភាពនៃតម្រូវការរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋានជាពិសេសសមស្របតាមគោលនយោបាយរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោកបានបញ្ជាក់ថា ការធ្វើផ្លូវដែលប្រកបដោយបទដ្ឋានបច្ចេកទេសតាមកិច្ចសន្យា និងមានការចូលរួមថែទាំបានត្រឹមត្រូវពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានពិតជាបានចូលរួមចំណែកយ៉ាងធំធេងក្នុងការធ្វើដំណើរបានងាយស្រួលជាពិសេសក៏ធ្វើឱ្យផ្លូវមានគុណភាព និងប្រើប្រាស់បានយូរផងដែរ ដែលជាផ្នែកមួយនៃការចូលរួមអភិវឌ្ឍប្រទេសជាតិបានចំគោលដៅ ហើយរដ្ឋបាលឃុំត្រូវនាំគ្នាដាំដើមឈើប្រណីតអមសងខាងផ្លូវឱ្យបានជាផ្នែកមួយនៃសោភ័ណភាព និងចូលរួមថែរក្សាលើកកម្ពស់បរិស្ថានផងដែរ។

ក្នុងឱកាសនោះដែរ លោកអភិបាលស្រុកបានណែនាំដល់អាជ្ញាធរឃុំត្រូវធ្វើការផ្សព្វផ្សាយ និងប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ ឬផេកផ្លូវការរបស់រដ្ឋបាលឃុំរបស់ខ្លួនឱ្យបានទូលំទូលាយជាពិសេសសមិទ្ធផលនានានៅក្នុងឃុំដែលជាសមិទ្ធផលដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលក្រោមម្លប់សន្តិភាព និងបានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវត្រូវចូលរួមថែរក្សាការពារដីចំណីផ្លូវ កុំរំលោភបំពាន ដែលនាំឱ្យខូចសោភ័ណភាពផ្លូវ ឬធ្វើឱ្យឆាប់ខូចខាត និងកកស្ទះប្រពន្ធបង្ហូរទឹកដែលធ្វើឱ្យមានការដក់ទឹកលើផ្លូវឬចិញ្ចើមផ្លូវដែលអាចនាំឱ្យមានការជន់លិចភូមិឋានដោយអន្លើៗផងដែរ។

សូមបញ្ជាក់ថា ផ្លូវក្រាលគ្រួសក្រហមដែលកំពុងដំណើរការសាងសង់នេះមានប្រវែង៩៨០០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រដែលលាតន្ធឹងលើភូមិចំនួន៥ដោយប្រើប្រាស់ថវិកាអស់ចំនួន៣៦៣៨០០៦០០រៀលដែលជាថវិកាមូលនិធិឃុំឆ្នាំ២០២៤៕
ដោយ ស៊ុម វណ្ណា





