អភិបាលខេត្ដព្រះវិហារ៖ ក្នុងឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តព្រះវិហារដាក់ចេញផែនការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ និងដាច់ដោយដុំឱ្យបានចប់សព្វគ្រប់នៅទូទាំងខេត្ត
AKP ព្រះវិហារ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥--ឯឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារបានលើកឡើងថា ចំពោះវិស័យដីធ្លីគឺជាកិច្ចការអាទិភាពមួយរបស់ខេត្ដដោយក្នុងឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តបានដាក់ចេញផែនការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ និងដាច់ដោយដុំឱ្យបានចប់សព្វគ្រប់នៅទូទាំងខេត្ត ដោយមានក្បាលដីអាចចេញបណ្ណកម្មសិទ្ធិបានប្រមាណជាង៨១ម៉ឺនក្បាលដី។ ការលើកឡើងរបស់ឯកឧត្ដមអភិបាលខេត្ដបែបនេះ ក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយ គណៈប្រតិភូគណៈកម្មការទី១ នៃព្រឹទ្ធសភា ដើម្បីសិក្សាឈ្វេងយល់ពីការអនុវត្តសិទ្ធិមនុស្ស ការអនុវត្តច្បាប់ និងការដោះស្រាយពាក្យបណ្តឹងរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្តម ងី ច័ន្រ្ទផល ប្រធានគណៈកម្មការដើម្បីសិក្សា ឈ្វេងយល់ពីការអនុវត្តសិទ្ធិមនុស្ស ការអនុវត្តច្បាប់ និងដោះស្រាយពាក្យបណ្តឹងរបស់អាជ្ញាធរថ្នាក់ក្រោមជាតិនិងឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ ព្រមទាំងគណៈប្រតិភូអមដំណើរអភិបាលរងខេត្ត លោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត កងកម្លាំងទាំង៣ អភិបាល ក្រុង ស្រុក ទាំង៨ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត នារសៀលថ្ងៃទី១០ ខែ កុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំប្រាសាទព្រះវិហារ អគាររដ្ឋបាលសាលាខេត្តព្រះវិហារ។

ក្នុងឱកាសនោះ ឯកឧត្តម គីម រិទ្ធី បានរាយការណ៍អំពីលទ្ធផលការងារ ដែលរដ្ឋបាលខេត្តសម្រេចបាន ក្នុងនោះវិស័យជាអាទិភាព ដែលមានសក្តានុពល សំខាន់ៗក្នុងខេត្ត មានដូចជា វិស័យកសិកម្ម វិស័យរ៉ែ និងថាមពល វិស័យទេសចរណ៍ ជាដើម។ ឯកឧត្តមបានគូសបញ្ជាក់ថា តាមផែនការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ និងដាច់ដោយដុំនេះ រដ្ឋបាលខេត្ដបានបែងចែកក្រុមការងារចុះបញ្ជីចំនួន ០៧ក្រុម ស្មើនឹង ១៣៤នាក់ មន្ត្រីមន្ទីរ ៣៩នាក់ យុវជនស្ម័គ្រចិត្តខេត្ត ៦៦នាក់ និងក្រុមអន្តរាគមន៍ក្រសួងចំនួន២៩នាក់ ដើម្បីសម្រេចបាននូវការចុះបញ្ជីដីធ្លីបានទាំងស្រុង និងបញ្ចប់ទំនាស់ដីធ្លីរាំរ៉ាំ នៅក្នុងភូមិសាស្ត្រខេត្តទាំងមូល។

ជាមួយគ្នានេះ ឯកឧត្ដមអភិបាលខេត្ដបានបន្ថែមថា សម្រាប់រដ្ឋបាលខេត្តដោយមានការិយាល័យប្រជាពលរដ្ឋជាសេនាធិការបានយកចិត្តទុកដាក់ជំរុញ ពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាព នៃយន្តការទទួល និងសម្រុះសម្រួលដោះស្រាយបណ្ដឹងក្រៅប្រព័ន្ធតុលាការ ពិសេសពាក់ព័ន្ធទំនាស់ដីធ្លី ដោយខិតខំដោះស្រាយបញ្ហាទាំងនោះឱ្យអស់ពីលទ្ធភាព និងទប់ស្កាត់មិនឱ្យមានវិវាទថ្មីៗកើតឡើងថែមទៀត។

សូមជម្រាបជូនថា កិច្ចប្រជុំនេះបានប្រព្រឹត្តទៅតាមរបៀបវារៈ ដែលបានគ្រោងទុកដោយបានធ្វើការពិភាក្សាផ្លាស់ប្តូរយោបល់រវាងគណៈប្រតិភូជាមួយអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ, ប្រធានក្រុមប្រឹក្សាខេត្ត, អភិបាលក្រុង-ស្រុក និងមន្ទីរពាក់ព័ន្ធជុំវិញខេត្តព្រះវិហារ។ ជាមួយគ្នានេះ គណៈប្រតិភូក៏បានរាយការណ៍អំពីព័ត៌មាន ដែលទទួលបានពីជំនួបនានានៅក្នុងខេត្ត ក៏ដូចជាស្តាប់របាយការណ៍របស់ខេត្ត និងការដោះស្រាយពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ៕



ដោយ៖ រិទ្ធី ប្រភព៖ មន្ទីរព័ត៌មានខេត្ដព្រះវិហារ





