អាជ្ញាធរសមត្ថកិច្ចមូលដ្ឋានត្រូវបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ពលរដ្ឋ ពិសេសត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមនានាឱ្យមានប្រសិទ្ធភាព
AKP បន្ទាយមានជ័យ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ -- ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានក្រើនរម្លឹកដល់ថ្នាក់ដឹកនាំ និងអាជ្ញាធរសមត្ថកិច្ចមូលដ្ឋានទាំងអស់ត្រូវបន្តខិតខំបន្ថែមទៀត ក្នុងការបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើការដោះស្រាយបញ្ហាប្រឈមនានា ក៏ដូចជាបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័ស ទាន់សភាពការណ៍ និងមានប្រសិទ្ធភាពខ្ពស់ ស្របទៅនឹងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧នេះ។ ការថ្លែងយ៉ាងដូច្នេះរបស់ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តបានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៩ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ នាថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការចូលរួមពីឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត និងឯកឧត្តមលោក ជំទាវសមាជិកក្រុមប្រឹក្សាខេត្ត និងលោក លោកស្រី ជានាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការ និងអង្គភាពចំណុះសាលាខេត្ត មន្ទីរ កងកម្លាំងទាំងបី និងអាជ្ញាធរក្រុង ស្រុកជាច្រើនចូលរួមផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមប្រឹក្សាបានថ្លែងកោតសរសើរដល់មន្ត្រីអង្គភាពរដ្ឋបាលខេត្តក្រុងស្រុកឃុំសង្កាត់ អង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនក្នុងនោះលើការងារសន្តិសុខសណ្តាប់ធ្នាប់សង្គមការងារបម្រើសេវារដ្ឋបាលសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ ហើយត្រូវបន្តរួមគ្នាអនុវត្តឱ្យកាន់តែល្អប្រសើរឡើងប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត។

ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យក៏បានជំរុញដល់កងកម្លាំងរដ្ឋបាលក្រុង ស្រុកត្រូវបន្តពង្រឹងការងារថែរក្សាសន្តិសុខពិសេសបង្ក្រាបបទល្មើសផ្សេងៗ ក្នុងនោះក្រុមក្មេងទំនើង ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្សជាដើម ឱ្យអស់ពីមូលដ្ឋានរបស់ខ្លួន។ ត្រូវបន្តចុះផ្យព្វផ្សាយគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពឱ្យបានកាន់តែទូលំទូលាយត្រូវរៀបចំវេទិកាសាធារណដើម្បីស្តាប់កង្វល់និងសំណូមពរនានាពីប្រជាពលរដ្ឋដើម្បីរួមគ្នាដោះស្រាយជូនប្រជាពលរដ្ឋបានទាន់ពេលវេលានោះ។

សូមបញ្ជាក់ថាកិច្ចប្រជុំសាមញ្ញលើកទី៩ ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យបានធ្វើការពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៨ អាណត្តិទី៤ របស់ ក្រុមប្រឹក្សាខេត្ត សេចក្តីព្រាងរបាយការណ៍ប្រចាំខែមករា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត សេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តដែលបានមកពីការផ្តល់សេវារដ្ឋបាលសម្រាប់ឧបត្ថម្ភជូនមន្ត្រី បុគ្គលិកនៃរដ្ឋបាលខេត្តសម្រាប់ខែមករា ឆ្នាំ២០២៥ និងថវិកាពង្រឹងយន្តការរដ្ឋបាល៕


ដោយ ឈុន សារ៉ាត





