ខេត្តបន្ទាយមានជ័យបើកសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី “ការអនុវត្តក្របខ័ណ្ឌគណនេយ្យភាពសង្គមសម្រាប់ការបន្ស៊ាំការប្រែប្រួលអាកាសធាតុ”
AKP បន្ទាយមានជ័យ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥--រដ្ឋបាលខេត្តបន្ទាយមានជ័យបានបើកសិក្ខាសាលាពិគ្រោះយោបល់ ស្ដីពី “ការអនុវត្តក្របខ័ណ្ឌគណនេយ្យភាពសង្គមសម្រាប់ការបន្ស៊ាំការប្រែប្រួលអាកាសធាតុ” នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត កាលពីថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមវត្តមានលោក ហ៊ឹល រ៉ាយ៉ា អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងដោយមានការចូលរួមពីមន្រីពាក់ព័ន្ធជាច្រើននាក់។

ក្នុងឱកាសនោះ លោក ហ៊ឹល រ៉ាយ៉ា ក៏បានថ្លែងអំណរគុណចំពោះគម្រោងនើឆ័រ ដែលបានផ្ដួចផ្ដើមរៀបចំជារបាយការណ៍ស្រាវជ្រាវ អំពីការអនុវត្តការងារគណនេយ្យភាពសង្គម លើការងារបន្ស៊ាំ និងការប្រែប្រួលអាកាសធាតុ ដោយកិច្ចការនេះស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងភាពធន់ និងបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ។

ជាមួយគ្នានេះដែរ លោកអភិបាលរងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់អ្នកពាក់ព័ន្ធដែលបានគាំទ្រ និងចូលរួមអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងកំណែទម្រង់ពាក់ព័ន្ធនានារបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងអនុវត្តការងារគណនេយ្យភាពសង្គម ដើម្បីលើកកម្ពស់អភិបាលកិច្ចនៅក្នុងប្រទេសកម្ពុជា ធានាដល់ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងសន្ដិសុខជាតិ ដើម្បីផលប្រយោជន៍រួម និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេសស្រ្ដី កុមារ និងក្រុមជនងាយរងគ្រោះនានា។

តាមរយៈសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិគម្រោងនើឆ័រ លោកអភិបាលរងក៏រំពឹងថានឹងទទួលបាននូវធាតុចូលដ៏មានតម្លៃពីដៃគូ និងភាគីពាក់ព័ន្ធទាំងអស់ចំពោះរបាយការណ៍ ទទួលនូវបទពិសោធន៍ និងការអនុវត្តល្អៗនៃការអនុវត្ត គណនេយ្យភាពសង្គម (SA) ដោយ លេខាធិការដ្ឋានគ.ជ.អ.ប.ថ្នាក់ខេត្ត ដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល ទទួលបានការណែនាំ និងអនុសាសន៍សម្រាប់របាយការណ៍សិក្សា SA លើការកំណត់ និងការអនុវត្តការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ។

សូមបញ្ជាក់ថាគោលដៅចម្បងរបស់គម្រោងនើឆ័រ គឺដើម្បីបង្កើនសមត្ថភាពរបស់កសិករខ្នាតតូច ក្នុងការធន់នឹងការប្រែប្រួលអាកាសធាតុ និងបង្កើនចំណូលរបស់ពួកគេតាមរយៈការធ្វើឱ្យផលិតកម្មកសិកម្មរបស់ពួកគេធន់នឹងផលប៉ះពាល់ពីអាកាសធាតុ។ ការសន្មតជាមូលដ្ឋាននៃគម្រោងគឺ កសិករនឹងទទួលបានពីការធ្វើឱ្យប្រសើរឡើងនូវផែនការគណនេយ្យភាពសង្គម និងគោលនយោបាយ ដែលភ្ជាប់ទៅនឹងការបន្សាំនឹងការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។ ដើម្បីគាំទ្រចំណុចនេះ ការសិក្សាបានវាយតម្លៃលើការផ្ទេរតួនាទីភារកិច្ចពីថ្នាក់ជាតិទៅថ្នាក់ក្រោមជាតិ ក្នុងវិស័យដែលងាយរងផលប៉ះពាល់នឹងការប្រែប្រួលអាកាសធាតុ និងពិនិត្យឡើងវិញនូវយុទ្ធសាស្ត្រ និងគោលនយោបាយថ្នាក់ជាតិ។ វាក៏បានកំណត់ និងវិភាគលើការអនុវត្ត ការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងចន្លោះប្រហោងនៅថ្នាក់ក្រោមជាតិ តំបន់គោលដៅដែលអជ្ញាធរក្នុងតំបន់អាចពង្រឹងភាពធន់នឹងអាកាសធាតុ និងធ្វើសមាហរណកម្មជាមួយក្របខ័ណ្ឌគណនេយ្យភាពសង្គម(SA) ព្រមទាំងផ្តល់នូវអនុសាសន៍គោលនយោបាយ៕
ដោយ ឈុន សារ៉ាត





