ឯកឧត្តម វ៉ាត់ ចំរើន ៖ សម្តេចធិបតីណែនាំឱ្យគណៈកម្មការបញ្ជ្រាបការយល់ដឹង បណ្តុះទឹកចិត្តជាតិនិយម ក្នុងព្រលឹងវប្បធម៌យុទ្ធគុនដូនតាខ្មែរឱ្យបានទូលំទូលាយ
AKP ភ្នំពេញ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥--សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានផ្តល់អនុសាសន៍ណែនាំដល់គណៈកម្មការស្រាវជ្រាវគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរជំរុញឱ្យមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីអប់រំសង្គម ក្នុងគោលដៅបញ្ជ្រាបការយល់ដឹង បណ្តុះទឹកចិត្តជាតិនិយម ក្នុងព្រលឹងវប្បធម៌យុទ្ធគុនដូនតាខ្មែរ ដែលជាព្រលឹងវប្បធម៌ជាតិឱ្យបានទូលំទូលាយជ្រួតជ្រាបល្អ និងទទួលបានការចូលរួមពីគ្រប់មជ្ឈដ្ឋាន។

នេះជាការគូសបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពារង្វាន់សម្តេចបវរធិបតី នៅ ក្រោយពីទទួលបានការអនុញ្ញាតសម្តែងការគួរសម និងកិច្ចប្រជុំ ក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិមានសន្តិភាព។

នៅក្នុងពិធីចូលជួបសម្តែងការគួរសមជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីសិក្សាស្រាវជ្រាវចងក្រងគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ និងការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចបវរធិបតី លើកទី២ ឆ្នាំ២០២៥នេះ ត្រូវបានឯកឧត្តម វ៉ាត់ ចំរើន សង្កត់ធ្ងន់ថា ៖«គណៈកម្មការស្រាវជ្រាវដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការស្រាវជ្រាវគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ និងធ្វើរបាយការណ៍របស់ខ្ញុំ ជាប្រធានក្រុមជំនុំ គឺសម្តេចធិបតីបានណែនាំ និងសម្រេចផ្លាស់ប្តូរកាលបរិច្ឆេតនៃការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតី លើកទី២ គ្រោងនឹងធ្វើឡើងនាថ្ងៃទី២៦-៣០ ខែវិច្ឆិកា ឆ្នាំ២០២៥»។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានគូសបញ្ជាក់ទៀតថា សម្តេចធិបតីនាយករដ្ឋមន្ត្រីបានណែនាំឱ្យមានកម្មវិធីអមមួយចំនួនទៀត ក្នុងព្រឹត្តិការណ៍យុទ្ធគុនចម្រុះខ្មែរបុរាណ លើកទី២ ឆ្នាំ២០២៥ ដូចជាកម្មវិធីតាំងពិព័រណ៍យុទ្ធគុនចម្រុះខ្មែរបុរាណគ្រប់ទម្រង់ឱ្យមានភាពសម្បូរបែប ព្រមទាំងមានការតាំងពិព៌រណ៍ផលិតផល ការសម្តែងសិល្បៈខ្លះៗ ដែលទាំងអស់នេះជាគោលការណ៍រួមនៃការរៀបចំការប្រកួតព្រឹត្តិការណ៍យុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចបវរធិបតី លើកទី២ ឆ្នាំ២០២៥។

ចំពោះផ្នែកសិក្សាស្រាវជ្រាវគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរវិញត្រូវបានឯកឧត្តម វ៉ាត់ ចំរើន គូសបញ្ជាក់ទៀតថា សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជាបានផ្តល់អនុសាសន៍ណែនាំអំពីយន្តការដល់ក្រុមសា្រវជ្រាវឱ្យមានក្រុមស្រាវជ្រាវ មានក្រុមសរសេរ ក្រុមអានឱ្យមានលក្ខណៈល្អត្រឹមត្រូវ និងត្រូវប្រុងប្រយ័ត្នខ្ពស់ ក្នុងការស្វែងរកវត្ថុតាង ឯកសារយោងឱ្យបានច្បាស់លាស់ និងការសរសេរឱ្យមានភស្តុតាង ឯកសារយោងឱ្យបានត្រឹមត្រូវ ដោយកុំបំភ្លៃ កុំបំភ្លើស និងការរៀបចំតុបតែងគម្ពីរអាថ៌កំបាំង កុំឱ្យបែកចេញឆ្ងាយអំពីខ្លឹមសារដើមនៃប្រវត្តិសាស្ត្រ។

«ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យគណៈកម្មការស្រាវជ្រាវគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរត្រូវធ្វើកិច្ចការដោយប្រុងប្រយ័ត្នខ្ពស់ ក្នុងការធ្វើសំយោគ សន្មត់ទៅលើកិច្ចការស្រាវជ្រាវឱ្យមានសុក្រឹតភាព ស្របតាមភស្តុតាងប្រវត្តិសាស្ត្រ។ សម្តេចធិបតីក៏បានណែនាំឱ្យមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីអប់រំសង្គម ក្នុងគោលដៅបញ្ជ្រាបការយល់ដឹង បណ្តុះទឹកចិត្តជាតិនិយម ក្នុងព្រលឹងវប្បធម៌យុទ្ធគុនដូនតាខ្មែរ ដែលជាព្រលឹងវប្បធម៌ជាតិឱ្យបានទូលំទូលាយជ្រួតជ្រាបល្អ និងទទួលបានការចូលរួមពីគ្រប់មជ្ឈដ្ឋាន»។ ឯកឧត្តម វ៉ាត់ ចំរើន បានបន្ថែមចុងក្រោយ៕

ដោយ ហេង ណាលីន (រូបភាព៖ គល់ រ៉េននី)





