ស្រីលង្កា និងគុយបាធ្វើកិច្ចចរចាស្តីពីសកម្មភាពរបស់ក្រុមសភា
AKP ភ្នំពេញ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ -- ឯកអគ្គរដ្ឋទូតគុយបា លោក អង់ដ្រេស កុនហ្សាលេស (Andres Gonzalez) និងប្រធានសភាស្រីលង្កា លោក ចាកាត វេកក្រាម៉ារ៉ាត់ណេ (Jagath Weckramaratne) បានជួបពិភាក្សាគ្នាអំពីទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ និងសកម្មភាពនៃសមាគមមិត្តភាពស្រីលង្កា - គុយបា នៅក្នុងអង្គនីតិបញ្ញត្តិ។
នៅឯកិច្ចប្រជុំនោះ អ្នកការទូតគុយបាបានប្រគល់លិខិតអបអរសាទរមួយដែលបានផ្ញើដោយប្រធានរដ្ឋសភានៃប្រទេសគុយបា លោក អេស្តេបេន ឡាហ្សូ ទៅកាន់លោក វេកក្រាម៉ារ៉ាត់ណេ ចំពោះការតែងតាំងរបស់លោកកាលពីពេលថ្មីៗនេះ។
លោក កុនហ្សាលេស ក៏បាននិយាយផងដែរអំពីការបរិហារកាលពីពេលថ្មីៗនេះរបស់ប្រទេសគុយបាចំពោះសេចក្តីសម្រេចរបស់រដ្ឋាភិបាលថ្មីរបស់សហរដ្ឋអាមេរិកក្នុងការបង្កើតឡើងវិញនូវវិធានការសង្រ្គាមសេដ្ឋកិច្ចប្រឆាំងនឹងប្រជាជនគុយបាដែលបានចោទប្រកាន់ថាបានជួយដល់អំពើភេរវកម្ម។
លោក វេកក្រាម៉ារ៉ាត់ណេ ដែលជាវេជ្ជបណ្ឌិតជំនាញខាងវេជ្ជសាស្ត្រត្រូវបានបោះឆ្នោតជ្រើសរើសកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ សម្រាប់តំណែងជាប្រធានសភានៃប្រទេសស្រីលង្កាដែលមានសមាជិកចំនួន២២៥នាក់។
បន្ទាប់ពីការបង្កើតរដ្ឋាភិបាលថ្មីនៅប្រទេសស្រីលង្កាកាលពីឆ្នាំមុន លោកឯកអគ្គរដ្ឋទូត អង់ដ្រេស កុនហ្សាលេស បានជួបពិភាក្សាការងារជាមួយប្រធានាធិបតីស្រីលង្កា លោក អានូរ៉ា គូម៉ារ៉ា ឌីសសាណាយ៉ាកេ (Anura Kumara Dissanayake) លោកនាយករដ្ឋមន្រ្តី ហារីនី អាម៉ារ៉ាស៊ូរី (Harini Amarasuri) និងរដ្ឋមន្រ្តីការបរទេស លោក វីជីថា ហេរ៉ាត់ (Vijitha Enathaue) ស្តីពីលទ្ធភាពនៃការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅក្នុងវិស័យនានា៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ប្រេនសាឡាទីណា)





