ស្លាប់ម្នាក់ និងរបួស ៧នាក់ក្នុងការបំផ្ទុះនៅប៉ាគីស្ថាន
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ -- មន្ត្រីក្នុងតំបន់បាននិយាយថាយ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និង៧នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការបំផ្ទុះដែលសំដៅលើរថយន្តក្រុងដឹកអ្នកដំណើរមួយនៅក្នុងខេត្តបាឡូជីស្ថាន ភាគនិរតីនៃប្រទេសប៉ាគីស្ថាន។
លោក យ៉ាសឺ អ៊ីកបាល់ ដាស្ទី (Yasir Iqbal Dashti) អធិការស្រុកឃូសដារ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងស្រុកឃូសដារ ខណៈដែលរថយន្តក្រុងកំពុងធ្វើដំណើរទៅកាន់ស្រុករ៉ាវ៉ាល់ពីនឌី ខេត្តប៉ូនចាប់ភាគខាងកើត។
លោកបានបន្ថែមថា ការស៊ើបអង្កេតបឋមបានបង្ហាញថា គ្រឿងផ្ទុះមួយត្រូវបានគេដាក់ក្នុងរថយន្តដែលចតនៅក្បែរផ្លូវ។ មន្ត្រីបានបញ្ជាក់ថា អ្នករងរបួសត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យក្បែរនោះ ដែលមនុស្ស ៣នាក់រួមទាំងអ្នកបើករថយន្តក្រុងត្រូវបានគេរាយការណ៍ថាស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
តំបន់នេះត្រូវបានបិទហើយការស៊ើបអង្កេតកំពុងដំណើរការដើម្បីកំណត់ជនដៃដល់នៅពីក្រោយការវាយប្រហារនេះ។ មិនទាន់មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវចំពោះឧប្បត្តិហេតុនេះនៅឡើយទេ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





