លោក ពូទីន៖ រុស្ស៊ីត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចចរចាជាមួយលោក ដូណាល់ ត្រាំ ស្តីពីអ៊ុយក្រែន
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ -- ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយថា លោកត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចចរចាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ (Donald Trump) អំពីរបៀបបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។
លោក ពូទីន បានធ្វើការអត្ថាធិប្បាយខាងលើនេះកាលពីដើមសប្តាហ៍នេះ ក្នុងអំឡុងពេលនៃការសម្ភាសន៍តាមទូរទស្សន៍រដ្ឋរុស្ស៊ី។
លោក ពូទីន បាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍មុនក្នុងអំឡុងពេលសម្ភាសន៍នោះថា «យើងជឿជាក់ទៅលើសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីបច្ចុប្បន្នអំពីការត្រៀមខ្លួនរបស់លោកដើម្បីធ្វើការងារជាមួយគ្នា។ យើងតែងតែបើកចំហចំពោះរឿងនេះ ហើយត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចចរចា»។
លោកបាននិយាយថា «វាជាការប្រសើរសម្រាប់យើងក្នុងការជួបគ្នាដោយផ្អែកលើការពិតនៃថ្ងៃនេះដើម្បីពិភាក្សាគ្នាដោយសន្តិវិធី»។
កាលពីក្នុងខែកុម្ភៈ ឆ្នាំ២០២២ លោក ពូទីន បានចាប់ផ្តើមការលុកលុយផ្នែកយោធាពេញលេញទៅលើអ៊ុយក្រែនដែលនៅតែបន្តកើតមានដល់ពេលនេះ។
លោក ត្រាំ បានធ្វើយុទ្ធនាការចំពោះការសន្យាមួយដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ហើយកាលពីដើមសប្តាហ៍នេះ លោកបាននិយាយថាលោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីជួបលោក ពូទីន នៅពេលណាក៏បាន។
នៅក្នុងសប្តាហ៍នេះ លោកបាននិយាយថា លោកនឹងអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសរុស្ស៊ី ប្រសិនបើទីក្រុងម៉ូស្គូមិនចាត់វិធានការដើម្បីធ្វើកិច្ចព្រមព្រៀងដើម្បីបញ្ចប់ជម្លោះនោះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





