ប្រមុខការពារជាតិកូរ៉េខាងត្បូង និងអេស្តូនី ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសព្វាវុធ
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីការពារជាតិស្តីទីរបស់កូរ៉េខាងត្បូង លោក គីម ស៊ិនហូ (Kim Seon-ho) និងរដ្ឋមន្ត្រីការពារជាតិអេស្តូនី លោក ហេនណូ ភេវគ័រ (Hanno Pevkur) បានពិភាក្សាគ្នាអំពីវិធីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យការពារជាតិ និងឧស្សាហកម្មអាវុធកាលពីថ្ងៃច័ន្ទ។ នេះបើយោងតាមក្រសួងការពារជាតិកូរ៉េខាងត្បូង។
យោងតាមក្រសួងការពារជាតិកូរ៉េខាងត្បូង បានឱ្យដឹងថា នៅក្នុងកិច្ចពិភាក្សាដែលបានធ្វើឡើងនៅទីក្រុងសេអ៊ូល លោក គីម បានកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរក្នុងវិស័យសន្តិសុខសាយប័របាននិងកំពុងរីកចម្រើន និងបានស្នើឱ្យពង្រីកទំនាក់ទំនងបែបនេះទៅកាន់វិស័យផ្សេងៗទៀត។
លោក គីម ក៏បានពន្យល់សង្ខេបដល់លោក ភេវគ័រ អំពីប្រព័ន្ធសព្វាវុធរបស់កូរ៉េខាងត្បូង រួមទាំងម៉ាស៊ីនបាញ់ដោយខ្លួនឯងប្រភេទ K9 ដែលអេស្តូនីទទួលបានផងដែរ។
ភាគីទាំងពីរបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក ដូចជាការផ្លាស់ប្តូរយោធា និងការបណ្តុះបណ្តាលខណៈដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅលើមធ្យោបាយពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសព្វាវុធរបស់ពួកគេ។
ពួកគេក៏បានសម្តែងការព្រួយបារម្ភផងដែរអំពីភាពស៊ីជម្រៅផ្នែកយោធារបស់កូរ៉េខាងជើង និងរុស្ស៊ី និងផលប៉ះពាល់អវិជ្ជមានដែលវាមាននៅលើឧបទ្វីបកូរ៉េ និងនៅអឺរ៉ុប ដោយជំរុញឱ្យបញ្ឈប់ជាបន្ទាន់នូវកិច្ចសហប្រតិបត្តិការខុសច្បាប់របស់ពួកគេ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





