លោក លូកាស្សិនកូ ក្លាយជាប្រធានាធិបតីបេឡារុស្សសម្រាប់អាណត្តិទី៧
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ -- លោក អាឡិចសាន់ដឺរ លូកាស្សិនកូ (Alexander Lukanshenko) ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីបេឡារុស្សសារជាថ្មី ដោយឈ្នះអាណត្តិសម្រាប់រយៈពេលប្រាំឆ្នាំនៅក្នុងអាណត្តិទី៧ នេះ។ នេះបើយោងតាមលទ្ធផលបឋមពីគណៈកម្មាធិការរៀបចំការបោះឆ្នោតដែលត្រូវបានដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ Belta កាលពីថ្ងៃចន្ទ។
គណៈកម្មការបាននិយាយថា លោក លូកាស្សិនកូ បានឈ្នះ៨៦,៨២% នៃសម្លេងឆ្នោតនៅក្នុងការបោះឆ្នោតប្រធានាធិបតីដែលបានធ្វើឡើងកាលពីថ្ងៃអាទិត្យ។
គូប្រជែងខ្លាំងបំផុតរបស់លោក គឺលោក ស៊ែរហ្គេយ ស៊ីរេនកូវ (Sergei Syrankov) ទទួលបានសម្លេងឆ្នោត ៣,២១% តាមពីក្រោយដោយលោក អូឡេក ហ្គេតដូកេវីច (Oleg Gaidukevich) ដែលទទួលបាន២,០២% លោកស្រី អេនណា កាណូផេតស្កាយ៉ា (Anna Kanopatskaya)ទទួលបាន ១,៨៦% និងលោក អាឡិចសានដឺរ ឃៀហ្ស៍នីយ៉ាក (Alexander Khizhnyak) ទទួលបាន ១,៧៤%។
យោងតាមច្បាប់របស់ប្រទេសបេឡារុស្ស បានឱ្យដឹងថា បេក្ខភាពត្រូវតែទទួលបានសំឡេងឆ្នោតលើសពី ៥០% ដើម្បីឈ្នះតំណែងប្រធានាធិបតី។
គណៈកម្មាធិការរៀបចំការបោះឆ្នោតត្រូវបានគេរំពឹងថានឹងចេញលទ្ធផលចុងក្រោយនៅថ្ងៃទី០៥ ខែកុម្ភៈ។
ប្រជាពលរដ្ឋជាង ៦,៩លាននាក់មានសិទ្ធិបោះឆ្នោតនៅក្នុងការបោះឆ្នោតនេះ ហើយការបោះឆ្នោតមុនកាលកំណត់បានធ្វើឡើងកាលពីថ្ងៃទី២១-២៥ ខែមករា។
យោងតាមលោក អ៊ីហ្គោរ កាផេនកូ (Igor Karpenko) ដែលជាប្រធានគណៈកម្មការ បានឱ្យដឹងថា អ្នកសង្កេតការណ៍អន្តរជាតិប្រមាណជិត៥០០នាក់ត្រូវបានទទួលស្គាល់ដើម្បីតាមដានការបោះឆ្នោត។
លោក លូកាស្សិនកូ បានកាន់តំណែងជាប្រធានាធិបតីចាប់តាំងពីឈ្នះការបោះឆ្នោតលើកដំបូងរបស់ប្រទេសនៅក្នុងឆ្នាំ១៩៩៤៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





