កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលយុទ្ធសាស្ត្រ
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ -- ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបានរាយការណ៍កាលពីថ្ងៃអាទិត្យថា ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលដឹកនាំយុទ្ធសាស្ត្រពីសមុទ្រទៅលើដី នៅក្នុងការបាញ់មីស៊ីលលើកដំបូងចាប់តាំងពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ចូលកាន់តំណែងកាលពីសប្តាហ៍មុន។
ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បាននិយាយថារដ្ឋបាលមីស៊ីលរបស់ប្រទេសកូរ៉េខាងជើងបានធ្វើការបាញ់សាកល្បងកាលពីថ្ងៃមុនថា ជា «ផ្នែកមួយនៃផែនការសម្រាប់ការកសាងសមត្ថភាពការពារជាតិ ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងយុទ្ធសាស្ត្រប្រឆាំងនឹងសត្រូវដែលមានសក្តានុពល»។
របាយការណ៍បាននិយាយថា មីស៊ីលបានបាញ់ចំគោលដៅយ៉ាងជាក់លាក់ បន្ទាប់ពីបានធ្វើដំណើរតាមគន្លងរាងអេលីបប្រវែង១.៥០០គីឡូម៉ែត្រ និងរាងជាលេខប្រាំបី ក្នុងរយៈពេល ៧.៥០៧វិនាទី ទៅ៧.៥១១វិនាទី ដោយរបាយការណ៍បានបន្ថែមថា ការបាញ់នេះមិនមានផលប៉ះពាល់អវិជ្ជមានដល់សន្តិសុខរបស់ប្រទេសជិតខាងនោះទេ។
ទីភ្នាក់ងារ KCNA បាននិយាយថា ដោយត្រួតពិនិត្យលើការបាញ់បង្ហោះ មេដឹកនាំគីម លោក ជុងអ៊ុន (Kim Jong-un) បានកត់សម្គាល់ថា «មធ្យោបាយរារាំងសង្គ្រាមរបស់កងកម្លាំងប្រដាប់អាវុធកូរ៉េខាងជើងកំពុងត្រូវបានធ្វើឱ្យល្អឥតខ្ចោះជាងមុន» ។ ប្រទេសកូរ៉េខាងជើងមានឈ្មោះផ្លូវការគឺ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។
លោក គីម បានបញ្ជាក់ថា «ប្រទេសកូរ៉េខាងជើងនឹងតែងតែខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាក្នុងលក្ខណៈប្រកបដោយទំនួលខុសត្រូវ ដើម្បីបំពេញបេសកកម្ម និងកាតព្វកិច្ចដ៏សំខាន់របស់ខ្លួន ក្នុងការការពារសន្តិភាពនិងស្ថិរភាពយូរអង្វែង ដោយឈរលើមូលដ្ឋានយោធាដែលមានការអភិវឌ្ឍខ្លាំងជាងនាពេលអនាគត»។
តំណាងគណបក្សអំណាចប្រជាជន លោក យូ យ៉ុងវ៉ុន (Yu Yong-weon) សមាជិកនៃគណៈកម្មាធិការការពារជាតិ បាននិយាយថា ការបាញ់សាកល្បងចុងក្រោយនេះហាក់ដូចជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកូរ៉េខាងជើង ដើម្បីពង្រឹងសមត្ថភាពវាយប្រហារនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់ខ្លួន ដោយបំពាក់នាវាចម្បាំង និងនាវាមុជទឹកថ្មីរបស់ខ្លួនជាមួយនឹងមីស៊ីលបែបនេះ៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





