កូរ៉េខាងត្បូងរំពឹងថាការនាំចេញអាវុធនឹងងើបឡើងវិញនៅឆ្នាំនេះ
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ -- ក្រុមមន្ត្រីបាននិយាយថាឧស្សាហកម្មនាំចេញអាវុធរបស់ប្រទេសកូរ៉េខាងត្បូងអាចនឹងស្ទុះងើបឡើងវិញនៅឆ្នាំនេះ បន្ទាប់ពីការធ្លាក់ចុះរយៈពេល ២ឆ្នាំជាប់គ្នា ជាមួយនឹងគោលដៅប្រចាំឆ្នាំរបស់ខ្លួនដែលបានកំណត់យ៉ាងហោចណាស់ ២០ប៊ីលានដុល្លារអាម៉េរិក។
ការនាំចេញសព្វាវុធប្រចាំឆ្នាំរបស់ប្រទេសនេះមានចំនួន ៩,៥ប៊ីលានដុល្លារអាម៉េរិកកាលពីឆ្នាំមុន បន្ទាប់ពីចំនួន ១៣,៥ប៊ីលានដុល្លារអាម៉េរិក។ ក្នុងឆ្នាំ២០២២ ការនាំចេញអាវុធរបស់ប្រទេសឡើងដល់ខ្ពស់បំផុតគឺ ១៧,៣ប៊ីលានដុល្លារអាម៉េរិក។
កាលពីឆ្នាំមុន រដ្ឋបាលកម្មវិធីទិញយកការពារជាតិ (DAPA) មានគោលបំណងលក់អាវុធចំនួន ២០ប៊ីលានដុល្លារអាម៉េរិកសម្រាប់ឆ្នាំ២០២៤ប៉ុន្តែមិនបានសម្រេចតាមគោលដៅ។
មន្ត្រីនៅទីភ្នាក់ងារនេះបាននិយាយថា ពួកគេសង្ឃឹមថានឹងនាំចេញអាវុធមានតម្លៃជាង ២៣ប៊ីលានដុល្លារអាម៉េរិកនៅឆ្នាំនេះ ដែលគាំទ្រដោយកិច្ចព្រមព្រៀងប្រទេសប៉ូឡូញ ក៏ដូចជាកិច្ចព្រមព្រៀង មួយប៊ីលានដុល្លារអាម៉េរិកជាមួយប្រទេសអារ៉ាប៊ីសាអូឌីត។
ប្រទេសកូរ៉េខាងត្បូងមានគោលបំណងរកបាន ៥% នៃទីផ្សារនាំចេញសព្វាវុធពិភពលោកត្រឹមឆ្នាំ២០២៧ ដើម្បីក្លាយជាប្រទេសនាំចេញផ្នែកការពារជាតិធំជាងគេទី៤ របស់ពិភពលោក៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





