កិច្ចសហប្រតិបត្តិការថាមពលខ្យល់ចិន-ក្រិក ជំរុញការផ្លាស់ប្តូរថាមពលកកើតឡើងវិញ
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ -- រោងចក្រផលិតថាមពលខ្យល់ចំនួន ៤ទីតាំងដែលស្ថិតនៅលើភ្នំភាគខាងជើងនៃប្រទេសក្រិក បានក្លាយជាកន្លែងសម្គាល់ដ៏សំខាន់នៅក្នុងតំបន់នេះ។ រោងចក្រទាំងនេះ គឺជាផ្នែកមួយនៃគម្រោងថាមពលខ្យល់ថ្រេក (Thrace) ដែលដឹកនាំដោយក្រុមហ៊ុន China Energy Guohua Investment Europe Renewable Energy S.A ។
ចាប់តាំងពីចាប់ផ្តើមប្រតិបត្តិការក្នុងឆ្នាំ២០១៩ មក គម្រោងនេះបានបង្កើតថាមពលអគ្គិសនីប្រមាណ ១៦០លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំ ដោយផ្គត់ផ្គង់ថាមពលដល់គ្រួសារជាង ៣០.០០០គ្រួសារនៅក្នុងប្រទេសក្រិក។
ថ្លែងនៅមុនទិវាថាមពលស្អាតអន្តរជាតិ អគ្គនាយករងក្រុមហ៊ុន លោក វូ បាតេ (Wu Bate) បានប្រាប់សារព័ត៌មានស៊ីនហួថា គម្រោងថាមពលខ្យល់Thrace ត្រូវបានចាប់ផ្តើមបន្ទាប់ពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងប្រទេសចិន និងក្រិក ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវក្នុងឆ្នាំ២០១៨។
ក្នុងនាមជាការវិនិយោគថាមពលខ្យល់លើកដំបូងរបស់ប្រទេសចិននៅក្នុងប្រទេសក្រិក គម្រោងនេះមានរោងចក្រផលិតថាមពលខ្យល់ចំនួន៤ទីតាំងដែលបំពាក់ដោយបូប៊ីនចំនួន ៣៤ ដែលមានកម្លាំងដំឡើងសរុប៧៨,២មេហ្គាវ៉ាត់។
លោក វូ បាននិយាយថា «គម្រោងនេះកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីតប្រមាណ ១៥០.០០០តោនក្នុងមួយឆ្នាំ និងសន្សំបានធ្យូងថ្មស្តង់ដារចំនួន ៥៣.០០០តោនស្មើនឹងការដាំដើមឈើចំនួន ៣៦០.០០០ដើម»។«គម្រោងនេះបានដើរតួយ៉ាងសំខាន់ក្នុងការជួយដល់ការផ្លាស់ប្តូរថាមពលរបស់ប្រទេសក្រិក»។
លោក កូនស្តានទីណូស៍ លូគីឌីស (Konstantinos Loukidis)អ្នកគ្រប់គ្រងផ្នែកអភិវឌ្ឍន៍របស់ក្រុមហ៊ុនបាននិយាយថា «កិច្ចសហប្រតិបត្តិការរវាងប្រទេសក្រិច និងចិនលើថាមពល កកើតឡើងវិញ គឺកើនឡើងគួរឱ្យកត់សម្គាល់»៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





