អេហ្ស៊ីបបដិសេធការជម្លៀសប្រជាជនប៉ាឡេស្ទីនចេញពីទឹកដីខ្លួន
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ -- ក្រសួងការបរទេសអេហ្ស៊ីបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា ប្រទេសអេហ្ស៊ីបបានច្រានចោលរាល់ការរំលោភលើសិទ្ធិដែលមិនអាចកាត់ផ្តាច់បានរបស់ប្រជាជនប៉ាឡេស្ទីន រួមទាំងការផ្លាស់ទីលំនៅចេញពីទឹកដីរបស់ពួកគេ។
សេចក្តីថ្លែងការណ៍បាននិយាយថា ក្រសួងបដិសេធយ៉ាងម៉ឺងម៉ាត់នូវសកម្មភាពណាមួយដែលរំលោភលើសិទ្ធិទាំងនេះ រួមទាំងការពង្រីកការតាំងទីលំនៅ ការបញ្ចូលទឹកដី និងការផ្លាស់ទីលំនៅដោយបង្ខំរបស់ប៉ាឡេស្ទីន។
សេចក្តីថ្លែងការណ៍ក៏បានថ្កោលទោសគោលនយោបាយដែលមានបំណងផ្ទេរ ឬដកជនជាតិប៉ាឡេស្ទីនចេញពីទឹកដីរបស់ពួកគេ មិនថាជាបណ្តោះអាសន្ន ឬជាអចិន្ត្រៃយ៍នោះទេ ដោយសារសកម្មភាពទាំងនេះធ្វើឱ្យមានអស្ថិរភាពក្នុងតំបន់ និងរារាំងដល់ការរំពឹងទុកសម្រាប់សន្តិភាព។
បញ្ហាប៉ាឡេស្ទីននៅតែជាចំណុចកណ្តាលនៃតំបន់មជ្ឈិមបូព៌ា ដោយសេចក្តីថ្លែងការណ៍បានបន្ថែមថា ការពន្យារពេលដំណោះស្រាយ បញ្ចប់ការកាន់កាប់ និងការស្តារសិទ្ធិកាន់កាប់របស់ប្រជាជនប៉ាឡេស្ទីនជំរុញឱ្យមានអស្ថិរភាពក្នុងតំបន់។
សេចក្តីថ្លែងការណ៍បានអំពាវនាវឱ្យសហគមន៍អន្តរជាតិធ្វើការយ៉ាងសកម្មឆ្ពោះទៅរកការអនុវត្តដំណោះស្រាយរដ្ឋពីរ រួមទាំងការបង្កើតរដ្ឋប៉ាឡេស្ទីននៅលើទឹកដីជាតិទាំងមូល គ្របដណ្តប់ទាំងតំបន់ហ្គាហ្សាស្ទ្រីប និងតំបន់វេសប៊ែង រួមទាំងទីក្រុងហ្សេរុយសាឡឹម ក្រោមដំណោះស្រាយស្របច្បាប់អន្តរជាតិ និងព្រំដែនឆ្នាំ១៩៦៧។
សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានស្នើកាលពីថ្ងៃសៅរ៍ដើម្បីផ្លាស់ប្តូរប្រជាជនប៉ាឡេស្ទីនពីតំបន់ហ្គាហ្សាស្ទ្រីបទៅកាន់ប្រទេសអេហ្ស៊ីប និងហ្សកដានី៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





