ចិនផ្តល់ជំនួយផ្នែកវះកាត់ និងឧបករណ៍វេជ្ជសាស្ដ្រដល់មន្ទីរពេទ្យប្រទេសតង់ហ្សានី
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ -- ក្រុមគ្រូពេទ្យចិនទី២៧ បានធ្វើដំណើរទៅកាន់ប្រទេសតង់ហ្សានីដោយបរិច្ចាគការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ដ្រ និងឧបករណ៍វះកាត់ដល់មន្ទីរពេទ្យជាតិ Muhimbili ដែលជាកន្លែងព្យាបាលឈានមុខគេនៅប្រទេសអាហ្វ្រិកខាងកើត។
សម្ភារៈបរិក្ខារពេទ្យដែលមានតម្លៃ ៥០.០០០ដុល្លារអាមេរិកត្រូវបានប្រគល់ជូនរដ្ឋមន្ត្រីក្រសួងសុខាភិបាលតង់ហ្សានី លោកស្រី ចេនីស្ដា ម៉ាហ្គាម៉ា (Jenista Mhagama) ដោយឯកអគ្គរដ្ឋទូតចិនប្រចាំនៅតង់ហ្សានីលោក ចេន មីងចៀន (Chen Mingjian) ។
លោកស្រី ម៉ាហ្គាម៉ា បាននិយាយថា ការបរិច្ចាគនេះ គឺជាសក្ខីភាពមួយចំពោះទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសចិន និងតង់ហ្សានី ដោយលោកស្រីបានបន្ថែមថា ប្រទេសទាំងពីរបានសហការគ្នាក្នុងរយៈពេល ៦ទសវត្សរ៍កន្លងមកនេះដើម្បីកែលម្អវិស័យសុខាភិបាល។
លោកស្រីបាននិយាយថា «ប្រទេសចិនក៏បានជួយដល់ប្រទេសតង់ហ្សានីក្នុងការបណ្តុះ បណ្តាលបុគ្គលិកសុខាភិបាលក្នុងតំបន់របស់យើងផងដែរ» ដោយលោកស្រីបានគូសបញ្ជាក់ថា ឧបករណ៍ដែលបានបរិច្ចាគនឹងជួយពង្រឹងសមត្ថភាពរបស់មន្ទីរពេទ្យជាតិ Muhimbili ក្នុងការផ្តល់សេវាថែទាំសុខភាព។
លោក ចេន បាននិយាយថា ចាប់តាំងពីប្រទេសតង់ហ្សានីទទួលបានឯករាជ្យមក រដ្ឋាភិបាលចិនបានបញ្ជូនក្រុមជំនួយផ្នែកវេជ្ជសាស្ត្រជាបន្តបន្ទាប់ដែលរួមមានអ្នកជំនាញដែលមានជំនាញឯកទេសខ្ពស់ផ្នែកកុមារ ការវះកាត់បេះដូង វះកាត់សរសៃប្រសាទ វះកាត់ឆ្អឹង និងផ្នែកផ្សេងទៀតទៅកាន់ប្រទេសតង់ហ្សានី និងប្រទេសហ្សានហ្ស៊ីបា៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





