ចិន និងហូឡង់ សន្យាកសាងសេដ្ឋកិច្ចពិភពលោកដោយបើកចំហ និងពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍បៃតង
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ -- ឧបនាយករដ្ឋមន្ត្រីចិន លោកឌីង ស៊ូស៊ាំង (Ding Xuexiang) បានជួបជាមួយមេដឹកនាំហូឡង់ នៅទីក្រុងឡាអេ។ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការលើកកម្ពស់សេដ្ឋកិច្ចពិភពលោកដោយបើកចំហ និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗរួមទាំងការអភិវឌ្ឍបៃតងផងដែរ។
លោក ឌីង ជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានជួបដាច់ដោយឡែកជាមួយព្រះមហាក្សត្រហូឡង់ ព្រះអង្គម្ចាស់ វីល្លេម អាឡិចសាន់ដឺ (Willem-Alexander) នាយករដ្ឋមន្ត្រី លោក ឌីក ស្កូហ្វ (Dick Schoof) និងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអាកាសធាតុ និងកំណើនបៃតង លោកស្រី សូហ្វី ហឺម៉ាន់ស៍ (Sophie Hermans) ក្នុងដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃរបស់លោក។
លោក ឌីង បាននិយាយថា ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់មេដឹកនាំប្រទេសទាំងពីរ ភាពជាដៃគូដោយបើកចំហ និងជាក់ស្តែងសម្រាប់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសចិន និងហូឡង់ ត្រូវបានពង្រឹងជាមួយនឹងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាក្នុងវិស័យផ្សេងៗដែលនាំមកនូវផលប្រយោជន៍ដល់ប្រទេស និងប្រជាជនទាំងពីរ។
ព្រះអង្គម្ចាស់ វីល្លេម អាឡិចសាន់ដឺ បាននិយាយថា ភាគីហូឡង់មានការជឿទុកចិត្តគ្នា និងមិត្តភាពទៅវិញទៅមក ហើយមានឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ដើម្បីរួមគ្នាជំរុញឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ក្នុងទំនាក់ទំនងហូឡង់-ចិន។
លោក ស្កូល បាននិយាយថា ភាគីហូឡង់កោតសរសើរចំពោះសមិទ្ធិផលនៃការអភិវឌ្ឍរបស់ប្រទេសចិន និងចាត់ទុកប្រទេសចិនជាដៃគូស្ថិរភាពដោយលោកបានបន្ថែមថា ប្រទេសហូឡង់មានឆន្ទៈក្នុងការពង្រឹងកិច្ចសន្ទនាជាមួយប្រទេសចិន បង្កើនការយល់ដឹង និងការជឿទុកចិត្តគ្នាទៅវិញទៅមកព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យផ្សេងៗដូចជា ការអភិរក្សទឹក ការអភិវឌ្ឍបៃតង និងការថែទាំវេជ្ជសាស្រ្ត និងសុខភាព។
ចំណែកឯលោកស្រី ហឺម៉ាន់ស៍ បាននិយាយថា ភាគីហូឡង់កំពុងទន្ទឹងរង់ចាំការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនក្នុងវិស័យដូចជាថាមពលស្អាត ការផ្លាស់ប្តូរបៃតង សេដ្ឋកិច្ចក្នុងរង្វង់ និងការសម្របខ្លួនទៅនឹងអាកាសធាតុ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





